អនុប្រធានាធិបតីចិនជួបជាមួយប្រធានរដ្ឋសភាតួកមេនីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីចិន លោកហាន់ ហ្សេង (Han Zheng) បានជួបជាមួយ លោកស្រី ដុនយ៉ាហ្គោហ្សែល ហ្គុលម៉ាណូវ៉ា (Dunyagozel Gulmanova) ប្រធានសភាជាតិនៃប្រទេសតួកមេនីស្ថាន ក្នុងទីក្រុងប៉េកាំង។
លោក ហាន់ បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងសហគមន៍ដែលមានអនាគតរួមគ្នាត្រូវបានអនុវត្តនៅកម្រិតទ្វេភាគី។
លោក ហាន់ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសតួកមេនីស្ថាន ដើម្បីរួមគ្នាអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន គាំទ្រយ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក និងពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ឧស្ម័នធម្មជាតិ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងថាមពលថ្មី។
លោកបានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងទ្វេភាគីជាមួយប្រទេសតួកមេនីស្ថាន។
ដោយកត់សម្គាល់ថា មិត្តភាពរវាងប្រទេសតួកមេនីស្ថាន និងចិនមានប្រវត្តិយូរអង្វែង លោកស្រី ហ្គុលម៉ាណូវ៉ា បាននិយាយថា ប្រទេសតួកមេនីស្ថានមានឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗរួមទាំងច្បាប់ កិច្ចគាំពារបរិស្ថានវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងយុវជន ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





