ក្រូអាត និងចិនយល់ព្រមលើការអភិវឌ្ឍរួមគ្នានៃបច្ចេកវិទ្យាបៃតង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋាភិបាលក្រូអាតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសក្រូអាត និងប្រទេសចិនបានយល់ព្រមសហការក្នុងការអភិវឌ្ឍចំណេះដឹង និងបច្ចេកវិទ្យាសម្រាប់ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍបៃតង។
សេចក្តីថ្លែងការណ៍បាននិយាយថា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន លោក យីន ហេជុន (Yin Hejun) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសក្រូអាតបានជួបជាមួយនាយករដ្ឋមន្ត្រីក្រូអាត លោក អានដ្រេច ផ្លេនកូវីក (Andrej Plenkovic) និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងអប់រំ លោក រ៉ាដូវ៉ាន់ ហ្វូចស៍ (Radovan Fuchs) ដោយលោកបានបន្ថែមថា លោកបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍបៃតងជាមួយក្រសួងវិទ្យាសាស្ត្រ និងអប់រំរបស់ប្រទេសក្រូអាត ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
សេចក្តីថ្លែងការណ៍បាននិយាយថា នេះគឺជាការបន្តចូលរួមរបស់ក្រុមហ៊ុនចិននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគនៅប្រទេសក្រូអាត ហើយវាក៏គូសបញ្ជាក់ពីឆន្ទៈរបស់ រដ្ឋាភិបាលក្រូអាតក្នុងការបង្កើនការនាំចេញទៅកាន់ប្រទេសចិនផងដែរ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប(EU) ប្រទេសក្រូអាតនឹងបន្តតស៊ូមតិសម្រាប់ការបន្តទំនាក់ទំនងល្អរវាង EU និងចិន ហើយរក្សាការសន្ទនាដោយបើកចំហ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





