នាយករដ្ឋមន្ត្រីចិន ជំរុញឱ្យចិន និងឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការ និងការពារពាណិជ្ជកម្មសេរី
AKP ប៉េកាំង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) កាលពីថ្ងៃសៅរ៍បានជំរុញឱ្យប្រទេសចិន និងឥណ្ឌូណេស៊ីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែធំ ពង្រឹងសមាហរណកម្មឧស្សាហកម្ម និងកិច្ចការពារពាណិជ្ជកម្មសេរី។ លោក លី បានធ្វើការកត់សម្គាល់នេះ ខណៈដែលលោកថ្លែងសុន្ទរកថានៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចឥណ្ឌូណេស៊ី-ចិនឆ្នាំ២០២៥ ក្នុងអំឡុងពេលដែលលោកបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះ។
ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-ឥណ្ឌូណេស៊ី និងខួបលើកទី៧០ នៃសន្និសីទបាន់ឌុង (Bandung) លោក លី បាននិយាយថា ជាងប្រាំពីរទសវត្សរ៍មុន ពិភពលោកបានឈរនៅលើផ្លូវបំបែកមួយជាប្រវត្តិសាស្ត្រ។
លោក លី បាននិយាយថា ចំពេលដែលកំពុងមានជម្លោះ និងការប្រឈមមុខដាក់គ្នាជាសកល ប្រទេសចិន និងឥណ្ឌូណេស៊ី រួមជាមួយនឹងប្រជាជាតិដ៏ទៃទៀតនៅតំបន់អាស៊ី និងអាហ្រ្វិក បានប្រមូលផ្តុំគ្នានៅទីក្រុងនបាន់ឌុង និងបង្កើតនូវស្មារតីបាន់ឌុងនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងដឹកនាំពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍជាវិជ្ជមាន។
លោក លី បាននិយាយថា សព្វថ្ងៃនេះដែលកន្លងមកអស់ជាងប្រាំពីរទស្សវត្សរ៍ ពិភពលោកកំពុងស្ថិតនៅលើផ្លូវបំបែកដ៏សំខាន់មួយសារជាថ្មីម្តងទៀត ខណៈដែលការវិវត្តនៃស្ថានភាពអន្តរជាតិដែលជាប់ពាក់ព័ន្ធជាមួយនឹងភាពចលាចល លទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយមកំពុងមានការកើនឡើង ហើយសកម្មភាពនៃការគំរាមកំហែងនានាក៏កំពុងកើនឡើងដែរ។
លោក លី បាននិយាយថា ជាមួយនឹងបញ្ហាប្រឈមទាំងនោះ តម្លៃនៃស្មារតីបាន់ឌុងកាន់តែមានភាពលេចធ្លោ និងមានសារៈសំខាន់។
លោកបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តតាមនិន្នាការទូទៅនៃវឌ្ឍនភាពប្រវត្តិសាស្រ្ត ដោយប្រកាន់ខ្ជាប់នូវការស្វែងរកមូលដ្ឋានរួម ទន្ទឹមនឹងការរក្សាការរួមរស់ដោយសន្តិភាព ដោះស្រាយភាពខុសគ្នាតាមរយៈការពិគ្រោះយោបល់ លើកកម្ពស់លទ្ធផលឈ្នះ-ឈ្នះតាមរយៈកិច្ចសហប្រតិបត្តិការ និងសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពតាមរយៈការកសាងរួមគ្នា និងផលប្រយោជន៍រួម។
ដោយកត់សម្គាល់ថាប្រទេសចិន និងឥណ្ឌូណេស៊ីបានប្រកាន់ខ្ជាប់នូវស្មារតីបាន់ឌុង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយ លោក លី បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការចិន-ឥណ្ឌូណេស៊ីបានឈានដល់កម្រិតខ្ពស់ថ្មីមួយ។
លោក លី បាននិយាយបន្ថែមថា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីដែលត្រូវបានពង្រីក និងការកែលម្អគុណភាព ការវិនិយោគទៅវិញទៅមកមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគម្រោងធំៗបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ ដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានបន្តពង្រឹងទំនាក់ទំនង និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។
លោក លី បានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័ស ចំពេលដែលមានការកើនឡើងនូវបញ្ហាប្រឈមពីខាងក្រៅ ដែលបង្ហាញពីកត្តាជំរុញផ្ទៃក្នុងដ៏រឹងមាំ និងសក្តានុពលនៃកំណើនយ៉ាងខ្លាំង។
លោក លី បាននិយាយថា ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្រ្តដើម្បីពង្រីកតម្រូវការក្នុងស្រុក និងកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមជាក់លាក់ក្នុងការជំរុញការប្រើប្រាស់ដែលនឹងបន្តបើកសក្តានុពលនៃទីផ្សារធំរបស់ខ្លួន។
លោកបាននិយាយបន្ថែមថា វាក៏មានសក្ដានុពលដ៏ធំធេងក្នុងការពង្រឹងបច្ចេកវិទ្យាផងដែរ ដោយប្រទេសចិននៅតែបន្តធ្វើឱ្យមានរបកគំហើញក្នុងនវានុវត្តន៍បច្ចេកវិទ្យា ជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) មនុស្សយន្ត ជីវឱសថ និងវិស័យផ្សេងៗទៀត ដែលបង្កើនល្បឿននៃការធ្វើសមាហរណកម្មរបស់វិស័យទាំងនោះនៅក្នុងវិស័យឧស្សាហកម្មទាំងមូល ដែលនឹងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតសម្រាប់ធុរកិច្ចទូទាំងពិភពលោក។
លោក លី ក៏បានចង្អុលបង្ហាញផងដែរអំពីសក្តានុពលក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្ម ដោយលោកបាននិយាយថា ប្រទេសចិនកំពុងជំរុញយ៉ាងខ្លាំងក្លានូវការផ្លាស់ប្តូរកម្រិតខ្ពស់ ឆ្លាតវៃ និងបៃតងនៃវិស័យផលិតកម្មរបស់ខ្លួន ខណៈដែលកំពុងពង្រីកការវិនិយោគនៅក្រៅប្រទេសប្រកបដោយសណ្តាប់ធ្នាប់ ហើយនឹងបង្កើនប្រសិទ្ធភាព និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោកដោយសហការជាមួយប្រទេសដទៃទៀត។
លោក លី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកភាពរីកចម្រើនរបស់ និងឱកាសអភិវឌ្ឍន៍ជាមួយប្រទេសទាំងអស់ រួមទាំងប្រទេសឥណ្ឌូណេស៊ី ហើយនៅតែប្រកាន់ខ្ជាប់ក្នុងការបើកទូលាយដល់ពិភពលោក ដោយប្រទេសចិននឹងបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសបរទេសក្នុងការវិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេសចិន។
លោក លី បានសម្តែងក្តីសង្ឃឹមថា សហគមន៍ធុរកិច្ចនៃប្រទេសចិន និងឥណ្ឌូណេស៊ីនឹងបង្កើនវិធានការយ៉ាងសកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀតលើវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។
ចំណែកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បាននិយាយថា ទំនាក់ទំនងរវាងឥណ្ឌូណេស៊ី និងចិន គឺជាទំនាក់ទំនងទ្វេភាគីជាយុទ្ធសាស្ត្រ និងជោគជ័យបំផុតមួយក្នុងសតវត្សទី២១។
ឥណ្ឌូណេស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ចបៃតង ក៏ដូចជាវិទ្យាសាស្ត្រ និងអប់រំ បង្កើនការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ដើម្បីសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះឈ្នះ។ លោកបានបន្ថែមថា សហគ្រាសចិនស្វាគមន៍ក្នុងការបន្តការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ។
ឥណ្ឌូណេស៊ីវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិននៅក្នុងកិច្ចការអន្តរជាតិ ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការងារជាមួយប្រទេសចិនដើម្បីឆ្ពោះទៅមុខនូវស្មារតីបាន់ឌុង រក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី ការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងលើកកម្ពស់សមធម៌ និងយុត្តិធម៌អន្តរជាតិ៕


ដោយ៖ យា ចិន្តាខន្តី





