កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន អាស៊ាន និងប្រទេសនៃក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ
AKP ប៉េកាំង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ -- ក្រុមអ្នកវិភាគបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន អាស៊ាន និងបណ្តាប្រទេសនៃក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ (GCC) ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានទទួលលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ដោយភាគីទាំងបីនឹងធ្វើសមាហរណកម្មគោលនយោបាយសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ពួកគេ ហើយមានសក្តានុពលក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលរួមមានទាំងថាមពលស្អាត និងសេដ្ឋកិច្ចឌីជីថល ដោយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន-ក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ (GCC) នាពេលខាងមុខនេះ ត្រូវបានគេរំពឹងថានឹងបង្កើតយន្តការដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី ។
កាលពីក្នុងខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ (GCC) លើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងស្ថាប័នក្នុងតំបន់ទាំងពីរ ដែលបានបង្កើតទំនាក់ទំនងតាំងពីក្នុងឆ្នាំ១៩៩០ មក។
ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-GCC (ឆ្នាំ២០២៤-២០២៨) ត្រូវបានបង្ហាញនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនោះ ដែលបានបង្ហាញអំពីវិធានការ និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យមួយចំនួន ដូចជាវិស័យសន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ជាដើម។
កាលពីក្នុងខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំកំពូលចិន-GCC លើកដំបូងក៏ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងរីយ៉ាដដែរ ដោយនៅក្នុងនោះ ប្រទេសចិនបានសន្យាថានឹងធ្វើការជាមួយបណ្តាប្រទេសនៅ GCC ដើម្បីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ហិរញ្ញវត្ថុ និងការវិនិយោគ នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លំហអាកាស ក៏ដូចជាវិស័យភាសា និងវប្បធម៌ជាដើម។
ប្រទេសចិន និងបណ្តាប្រទេស GCC គឺជាដៃគូនៃកិច្ចសហប្រតិបត្តិការជាមួយនឹងការបំពេញបន្ថែមសេដ្ឋកិច្ចដ៏រឹងមាំ ដោយមេដឹកនាំចិនបាននិយាយថា ដោយសារតែប្រទេសចិនមានទីផ្សារអ្នកប្រើប្រាស់ដ៏ធំ និងប្រព័ន្ធឧស្សាហកម្មពេញលេញ ខណៈដែល GCC ដែលមានធនធានថាមពលសម្បូរបែបហើយកំពុងទទួលយកការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះ។
ទន្ទឹមនឹងនេះដែរ បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មមកពីប្រទេសចិន និងអាស៊ានបាននិយាយនៅក្នុងកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធអនឡាញកាលពីពេលថ្មីៗនេះថា ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន បានបញ្ចប់នូវកិច្ចចរចាទាំងស្រុងទៅលើកំណែ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) ហើយនឹងខិតខំធ្វើឱ្យមានការចុះហត្ថលេខាជាផ្លូវការនូវពិធីសារធ្វើឱ្យប្រសើរឡើង CAFTA 3.0 នេះនៅមុនដំណាច់ឆ្នាំ២០២៥។
លោក អាប់ឌុល មូស្ស ម៉ូហាលីម (Abdul Mui'zz Morhalim) ប្រធានសេដ្ឋវិទូនៅធនាគារវិនិយោគ MIDF អាម៉ាណាហ៍ បាននិយាយថា «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ត្រូវបានពង្រឹង និងជំរុញយ៉ាងខ្លាំងដោយការចូលរួមរួមគ្នានៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៃភាគីទាំងពីរ»៕
ដោយ៖ យា ចិន្តាខន្តី





