វេទិកាត្រីភាគីរវាងអាស៊ាន-ចិន-ក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាត្រីកោណមាសដ៏មានសក្តានុពល
AKP ប៉េកាំង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ -- លោកស្រី ជូលៀ រ៉ូកនីហ្វាដ (Julia Roknifard) សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ Taylor's ក្នុងប្រទេសម៉ាឡេស៊ីដែលជាអ្នកជំនាញមួយរូប បានហៅវេទិកាកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាស៊ាន-ចិន-ក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ (GCC) ថាជា «វេទិកាត្រីកោណមាស» (Golden Triangle) នៃធនធាន ការផលិត និងអ្នកប្រើប្រាស់ ដែលនឹងបន្តផ្តល់ថាមពលដល់សេដ្ឋកិច្ចពិភពលោក បើទោះបីជាមានការរំខានផ្នែកពាណិជ្ជកម្មធ្ងន់ធ្ងរដោយសារតែគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះក៏ដោយ ហើយប្រទេសចិន គឺជាយុថ្កាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-GCC។
លោកស្រីបាននិយាយថា «ប្រទេសចិនមានឥទ្ធិពលផ្លាស់ប្តូររួចហើយទៅលើតំបន់អាស៊ាន និងមជ្ឈិមបូព៌ា ដែលរួមមានទាំងបណ្តារដ្ឋនៃក្រុមប្រឹក្សា GCC ផងដែរ តាមរយៈគំនិតផ្តួចផ្តើមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការអភិវឌ្ឍផ្សេងៗ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលដឹកនាំដោយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល»។
លោកស្រី រ៉ូនីហ្វាដ បាននិយាយបន្ថែមថា «ប៉ុន្តែទំនាក់ទំនងកាន់តែស៊ីជម្រៅជាងនេះទៅទៀត ដោយសារប្រទេសចិនកំពុងចូលរួមកាន់តែខ្លាំងឡើងនៅក្នុងការចែករំលែកបច្ចេកវិទ្យា និងឧស្សាហូបនីយកម្មចែករំលែក ក្រៅពីវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏យូរអង្វែង»។
អាស៊ានជាក្រុមនៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំង១០ ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ហើយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី៥ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងជប៉ុន។ ជាមួយនឹងចំនួនប្រជាជនវ័យក្មេងដ៏ច្រើនដែលជំរុញឱ្យមានការផ្លាស់ប្តូរឌីជីថល ធនធានធម្មជាតិដ៏សម្បូរបែប និងកម្លាំងពលកម្មជំនាញ អាស៊ានបានកំណត់តួនាទីរបស់ខ្លួនជាម៉ាស៊ីនដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការអភិវឌ្ឍឧស្សាហកម្ម។
ធនាគារអាប៊ូដាប៊ីទីមួយ ដែលជាធនាគារធំជាងគេនៅអេមីរ៉ាត់អារ៉ាប់រួម (UAE) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ថា សេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលរួមមានប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនូវអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួនពី ២,១% នៅក្នុងឆ្នាំ២០២៤ ដល់ ៤,២% នៅក្នុងឆ្នាំ២០២៥។
យោងតាមរបាយការណ៍នោះបានឱ្យដឹងថា ភាពធន់នឹងសេដ្ឋកិច្ចរបស់ GCC នឹងត្រូវបានគាំទ្រដោយការវិនិយោគយុទ្ធសាស្ត្រ ការធ្វើពិពិធកម្ម និងការពង្រីកដ៏រឹងមាំនៅក្នុងវិស័យមិនមែនប្រេង ដោយសារតំបន់មជ្ឈិមបូព៌ាបានឆ្លងកាត់ការផ្លាស់ប្តូរពីប្រទេសនាំចេញប្រេងដ៏សំខាន់ទៅជាមជ្ឈមណ្ឌលថាមពលបៃតងសកលលោក៕
ដោយ៖ យា ចិន្តាខន្តី





