វេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសអង្គការ SCO ប្រារព្ធឡើងនៅតំបន់ស្វាយ័តស៊ីនជាំង និងចេញផ្សាយការស្ទង់មតិសាធារណៈស្តីពីចក្ខុវិស័យអភិវឌ្ឍន៍
AKP ប៉េកាំង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ --
វេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៥ នៃបណ្តាប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិកអង្គការ SCO រដ្ឋអ្នកសង្កេតការណ៍ និងដៃគូសន្ទនា បានចាប់ផ្តើមប្រារព្ធឡើងនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ នៅទីក្រុងយូរុមគី រដ្ឋធានីនៃតំបន់ស្វយ័តស៊ីនជាំង នៅភាគពាយ័ព្យនៃប្រទេសចិន។
របាយការណ៍មួយដែលមានចំណងជើងថា «Common Home: Public Opinion on the Development Visions in SCO Member States» ដែលបង្ហាញពីការទទួលស្គាល់ជាសាធារណៈយ៉ាងទូលំទូលាយនៃ «ស្មារតីសៀងហៃ» ក្នុងចំណោមរដ្ឋជាសមាជិកអង្គការ SCO និងបង្ហាញពីការរំពឹងទុកយ៉ាងខ្លាំងសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ត្រូវបានចេញផ្សាយរួមគ្នាដោយនាយកដ្ឋានព័ត៌មានអន្តរជាតិនៃទីភ្នាក់ងារសារព័ត៌មាន People's Daily និងវិទ្យាស្ថាន Global Times ក្នុងពិធីបើកវេទិកានេះ។
វេទិកានេះធ្វើឡើងក្រោមប្រធានបទស្តីពី «ការកសាងផ្ទះមួយដែលកាន់តែល្អប្រសើររួមគ្នាដើម្បីអនាគតរុងរឿង» ដោយមានការចូលរួមពីអ្នកតំណាងចំនួន ៣០០នាក់មកពីបណ្តាញសារព័ត៌មានសំខាន់ៗ នាយកដ្ឋានរដ្ឋាភិបាល ស្ថាប័នសិក្សា និងសហគ្រាសមកពី ២៦ប្រទេសដែលជាសមាជិកអង្គការ SCO រដ្ឋអ្នកសង្កេតការណ៍ និងដៃគូសន្ទនា។
អ្នកចូលរួមទាំងអស់បានឈានដល់ការមូលមតិគ្នាតាមរយៈការផ្តល់នូវរបាយការណ៍ពិត ប្រកបដោយគោលបំណង និងការរាយការណ៍ដោយយុត្តិធម៌ ដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជាសមាជិកអង្គការ SCO គួរតែបង្ហាញពីគោលបំណង និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងនោះ ដោយជំរុញនូវបរិយាកាសមតិសាធារណៈដែលអំណោយផលសម្រាប់ការរីកចម្រើនរបស់អង្គការ និងគួរតែគ្របដណ្តប់ឱ្យបានទូលំទូលាយនូវសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរបស់អង្គការ SCO ក្នុងការលើកកម្ពស់ «ស្មារតីសៀងហៃ» ដើម្បីពង្រឹងការឯកភាពគ្នានៃការអភិវឌ្ឍ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងមិត្តភាពក្នុងចំណោមប្រជាជននៃបណ្តាប្រទេសជាសមាជិកអង្គការ SCO សម្រាប់ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
ដោយ៖ យា ចិន្តាខន្តី





