ជនជាតិប៉ាឡេស្ទីន ៦៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ -- លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) អ្នកនាំពាក្យការពារជនស៊ីវិលនៅតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ៦៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា។
លោក បាសាល់ បានប្រាប់សារព័ត៌មានស៊ីនហួថា នៅជុំវិញតំបន់ហ្គាហ្សា មនុស្ស ១៣នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀន Musa bin Nusair ភាគខាងកើតនៃទីក្រុងដែលជាជម្រកជនភៀសខ្លួន ចំណែកឯស្ត្រីម្នាក់ និងបុរសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុង។
នៅតំបន់ហ្គាហ្សាភាគកណ្តាល មនុស្ស ១៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះលំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់គ្រួសារ លោក អាប៊ូ សាមរ៉ា (Abu Samra) ក្នុងសង្កាត់អាល់ម៉ាហាត់តា ភាគខាងកើតនៃទីក្រុងដៀ អាល់បាឡាហ៍ ហើយមនុស្ស១៥នាក់ផ្សេងទៀតបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងដែលត្រូវបានផ្លាស់ទីលំនៅនៅភាគខាងលិចនៃជំរំជនភៀសខ្លួនNuseirat ។
លោកបានបន្ថែមថា នៅតំបន់ហ្គាហ្សាភាគខាងជើង មនុស្ស ៩នាក់ត្រូវបានសម្លាប់នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារទៅលើផ្ទះរបស់គ្រួសារ លោក អាល់ ម៉ាកេក នៅជំរុំJabalia ហើយមនុស្ស ៤នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀន Khalifa ដែលបានផ្លាស់ទីលំនៅប្រជាជនពីជំរុំ Beit Lahia ។
លោកបាននិយាយថា នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា មនុស្ស៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលពីរលើកនៅក្នុងទីក្រុងខាន់យូនីស។
ទន្ទឹមនឹងនេះ លោក អាហេដ សាមួរ (Ahed Samour) នាយកផ្នែកថែទាំសុខភាពបឋមនៃអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធសុខភាពរបស់តំបន់ហ្គាហ្សា «កំពុងឈានទៅដល់ការដួលរលំ» ដោយលោកបានព្រមានអំពីហានិភ័យនៃ «គ្រោះមហន្តរាយសុខភាពនៅប៉ុន្មានខែខាងមុខនេះ ដោយសារកង្វះខាតវ៉ាក់សាំងជាមូលដ្ឋានសម្រាប់កុមារ»។
លោក សាមួរ បាននិយាយថា «គ្រឿងបរិក្ខារសុខភាពកំពុងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ» ចំពេលថ្នាំនៅក្នុងស្តុក «ស្ទើរតែគ្មាន» ហើយរបរប្រើប្រាស់ជាមូលដ្ឋាន និងឧបករណ៍វេជ្ជសាស្ត្រមិនដំណើរការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





