លោក ប៊ី សុភាព ចូលកាន់មុខតំណែងអភិបាល ស្រុកឯកភ្នំថ្មី
AKP បាត់ដំបង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក ប៊ី សុភាព ជាអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ជំនួសលោក ម៉ិល សុផល ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំត្រូវបន្តពង្រឹងរួបរួមសាមគ្គីគ្នាជាធ្លុងដឹកនាំអភិវឌ្ឍន៍ស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនបន្ថែមលើគ្រប់វិស័យ។ ឯកឧត្តមបានស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋពាក់ព័ន្ធចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាពបំផុត។ អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញស្រាវជ្រាវរកមេខ្លោងដែលប្រព្រឹត្តបទល្មើសនេសាទកន្លងមកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវបង្កើនការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលផលប៉ះពាល់នៃការនេសាទខុសច្បាប់ និងប្រគល់ឧបករណ៍នេសាទជូនដល់អាជ្ញាធរមានសមត្ថកិច្ចសំដៅរួមគ្នាលុបបំបាត់ការនេសាទខុសច្បាប់រក្សាធនធានមច្ឆាជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងសហគមន៍ជាពិសេសតំបន់ជាប់បឹងទន្លេសាប ព្រមទាំងបន្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់លោកអភិបាលស្រុកថ្មី ឱ្យបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍ និងលើកស្ទួយផលិតផលសក្តានុពលប្រចាំតំបន់ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





