ផ្ដល់ភាពកក់ក្ដៅជូនរាស្ត្រ! រដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ឆ្នោតបែងចែកក្បាលដី និងផ្ទះស្នាក់នៅជូនពលរដ្ឋភៀសសឹកភូមិព្រៃចាន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- ប្រកបដោយទឹកមុខញញឹមស្រស់ថ្លា និងក្តីរំពឹងថ្មីនៃជីវិត ពលរដ្ឋមកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ចំនួនមួយក្រុមទៀត បានទទួលសិទ្ធិស្របច្បាប់តាមរយៈការចាប់ឆ្នោត ដើម្បីទទួលបានក្បាលដី និងលំនៅឋានបណ្ដោះអាសន្នក្នុងតំបន់អភិវឌ្ឍន៍ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។

ថ្លែងនៅក្នុងពិធីនេះ លោក ឃ្លោក នួយ បានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពនៃការបែងចែកដីធ្លី និងផ្ទះស្នាក់នៅនាពេលនេះ គឺជាការអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅព្រំដែនខេត្តបន្ទាយមានជ័យប្រមាណជាង ៣.០០០គ្រួសារ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិឋានវិលដោយសារតែសង្គ្រាមឈ្លានពានទាំងងងើលរបស់ភាគីថៃរំលោភលើកអធិបតេយ្យភាពកម្ពុជានាពេលកន្លងមកនេះ។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដែលទុកពលរដ្ឋណាម្នាក់ចោលឡើយ។ ការផ្ដល់ជូននូវទីជម្រកសមរម្យនៅពេលនេះ គឺជាការធានានូវស្ថិរភាពជីវភាព និងការកសាងអនាគតដ៏ប្រសើរជូនបងប្អូន ដើម្បីឱ្យពួកគាត់មានដីធ្លីធ្វើកសិកម្ម និងមានលំនៅឋានរស់នៅប្រកបដោយសុវត្ថិភាព។ លោកបានបន្ថែមថា អាជ្ញាធរខេត្តនឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធ្វើយ៉ាងណាឱ្យការរស់នៅនៅទីតាំងថ្មីនេះ មានភាពងាយស្រួល និងសុខដុមរមនា។

សម្រាប់បងប្អូនប្រជាពលរដ្ឋមកពីភូមិព្រៃចាន់ ដែលទើបទទួលបានក្បាលដី និងផ្ទះតាមរយៈការចាប់ឆ្នោត នេះមិនមែនជារឿងធម្មតាឡើយ វាគឺជាការចាប់ផ្តើមជីវិតថ្មី។លោក ពៅ សុខា តំណាងពលរដ្ឋម្នាក់ បានរៀបរាប់ទាំងទឹកមុខរំភើបថា ខ្ញុំពិតជាត្រេកអរខ្លាំងណាស់។ ការចាប់ឆ្នោតនេះមានតម្លាភាព និងយុត្តិធម៌បំផុត។ ពីមុនយើងមានការព្រួយបារម្ភពីទីជម្រក ប៉ុន្តែពេលនេះ រាជរដ្ឋាភិបាលបានជួយដោះស្រាយទុក្ខលំបាកពួកយើងហើយ។ ខ្ញុំនឹងខិតខំប្រកបរបរចិញ្ចឹមជីវិតនៅលើដីដែលទទួលបាននេះ ដើម្បីឱ្យសមនឹងក្តីសង្ឃឹមដែលថ្នាក់ដឹកនាំបានផ្តល់ឱ្យ។

គួរបញ្ជាក់ថា ការរៀបចំឱ្យពលរដ្ឋភៀសសឹកចូលមករស់នៅតំបន់អភិវឌ្ឍន៍ផ្ទះអតីតយុទ្ធជនភូមិរង់ចាំនេះ គឺជាយន្តការមួយដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាថាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិទទួលបានដីធ្លី និងលំនៅឋានសមរម្យ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕
ដោយ៖ ឈុន សារ៉ាត





