ចិនថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទៅលើរថយន្តក្រុងរបស់សាលារៀនមួយនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសចិនថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារលើរថយន្តក្រុងនៅប្រទេសប៉ាគីស្ថាន និងប្រឆាំងយ៉ាងខ្លាំងចំពោះអំពើភេរវកម្មក្នុងគ្រប់រូបភាព។
សេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្ស ៥នាក់ រួមទាំងកុមារ ៣នាក់ត្រូវបានសម្លាប់ និងជាង ៣០នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលភេរវករបានវាយប្រហារលើរថយន្តក្រុងរបស់សាលារៀនមួយនៅក្នុងស្រុកឃូហ្សដារ នៃខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។ ជាការឆ្លើយតប អ្នកនាំពាក្យ លោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់សារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងបានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសារជនរងគ្រោះ និងអ្នករងរបួស។
លោកស្រីបាននិយាយថា ប្រទេសចិនប្រឆាំងដាច់ខាតនឹងអំពើភេរវកម្មក្នុងគ្រប់រូបភាព ហើយនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ជាមួយប្រទេសប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម រក្សាស្ថិរភាពសង្គមនិងការពារជីវិត និងសុវត្ថិភាពរបស់ប្រជាជន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





