សហភាពអឺរ៉ុបដកទណ្ឌកម្មសេដ្ឋកិច្ចលើស៊ីរី
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោកស្រី កាចា កាល់ឡាស់ (Kaja Kallas) បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា សហភាពអឺរ៉ុប (EU) បានយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសស៊ីរី បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃប្លុកនេះ។
លោកស្រីបានសរសេរថា «ថ្ងៃនេះ យើងបានសម្រេចចិត្តដកទណ្ឌកម្មសេដ្ឋកិច្ចរបស់យើងលើប្រទេសស៊ីរី»។ «យើងចង់ជួយប្រជាជនស៊ីរីកសាងប្រទេសស៊ីរីជាថ្មីដែលរួមបញ្ចូលគ្នា និងសន្តិភាព»។
ការសម្រេចចិត្តរបស់ EU ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីសប្តាហ៍មុនថា លោកនឹងបញ្ជាឱ្យដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





