រដ្ឋមន្ត្រីការបរទេសចិន អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បើកកិច្ចប្រជុំក្រៅផ្លូវការនៅ ទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងជារដ្ឋមន្ត្រីការបរទេស លោក ម៉ូហាមម៉ាដ អ៊ីសាក់ ដារ (Mohammad Ishaq Dar) និងរដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្គានីស្ថាន លោក អាមៀ ខាន់ មុតតាគី (Amir Khan Muttaqi) បានជួបប្រជុំក្រៅផ្លូវការនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាប្រធានកិច្ចប្រជុំនេះ។ លោកបានលើកឡើងយ៉ាងច្រើនអំពីលទ្ធផលនៃកិច្ចសន្ទនាត្រីភាគីចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ហើយបានចូលរួមក្នុងការពិភាក្សាស៊ីជម្រៅលើការពង្រីកសក្តានុពលនៃយន្តការត្រីភាគី និងការជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
សរុបលទ្ធផលនៃកិច្ចប្រជុំនេះ លោក វ៉ាង បាននិយាយថា រដ្ឋមន្ត្រីការបរទេសបានឯកភាពថា ប្រទេសទាំងបីគួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពក្នុងចំណោមអ្នកជិតខាង។
លោក វ៉ាង បាននិយាយថា ប្រទេសចិនគាំទ្រប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិនិងការពារអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។
លោក វ៉ាង បាននិយាយថា រដ្ឋមន្ត្រីបានយល់ព្រមលើការរៀបចំកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថានលើកទី៦ ក្នុងទីក្រុងកាប៊ុល។
យោងតាមលោក វ៉ាង បានឱ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបានបង្ហាញពីឆន្ទៈក្នុងការលើកកម្ពស់ទំនាក់ទំនងការទូតទ្វេភាគីដោយភាគីទាំងពីរបានយល់ព្រមជាគោលការណ៍ក្នុងការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតឱ្យបានឆាប់រហ័ស។
ប្រទេសទាំងបីបានព្រមព្រៀងគ្នាលើការប្រឆាំងភេរវកម្មក្នុងគ្រប់ទម្រង់ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងភេរវករ និងបន្តការប្រុងប្រយ័ត្នចំពោះការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





