ផ្លូវដែកចិន-ឡាវជាគម្រោងមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងរួមចំណែកយ៉ាងខ្លាំងដល់ផលិតផលក្នុងស្រុកសរុបរបស់ឡាវ
AKP ប៉េកាំង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- យោងតាមការលើកឡើងរបស់លោក លាំង ជានជុន (Liang Jianjun) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន ទទួលបន្ទុកចម្បងសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន១១ និងសម្រាប់យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានចូលរួមសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង បានឱ្យដឹងថា គម្រោងផ្លូវដែកចិន-ឡាវ គឺជាគម្រោងដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវ។
ផ្លូវដែកដែលលាតសន្ធឹងចម្ងាយ ១.០៣៥គីឡូម៉ែត្រ ពីទីក្រុងគុនមីងប្រទេសចិនទៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដោយជាង ៦២% នៃផ្លូវដែលនេះរួមមានស្ពាន និងផ្លូវរូងក្រោមដី ហើយឆ្លងកាត់ទន្លេមេគង្គពីរដងនេះ បានជួបបញ្ហាប្រឈមធំៗផ្នែកវិស្វកម្ម គឺបញ្ហាដី ហើយអ្វីដែលធ្វើឱ្យកាន់តែស្មុគស្មាញបន្ថែមទៀតនោះ គឺគ្រាប់មីនមិនទាន់ផ្ទុះរាប់លានគ្រាប់ដែលត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមកាលពីប៉ុន្មានទសវត្សរ៍មុន។ គ្រាប់បែកចង្កោមជាង ២៧០លានគ្រាប់ត្រូវបានទម្លាក់ ដោយនៅក្នុងនោះប្រមាណ ៣០% នៅមិនទាន់ផ្ទុះហើយស្ថិតនៅក្នុងតំបន់ដែលត្រូវសាងសង់ផ្លូវដែកនោះ ដែលសំណល់គ្រាប់ទាំងនេះនៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅក្នុងប្រទេសឡាវរហូតដល់សព្វថ្ងៃ។
ដូច្នេះ យើងត្រូវបោសសម្អាតមីនទាំងនោះក្នុងពេលដែលកំពុងសាងសង់ផ្លូវដែក ដែលមានន័យថា គម្រោងសាងសង់ផ្លូវដែកនេះក៏ជាបេសកកម្មកាត់បន្ថយភាពក្រីក្រ និងផ្លាស់ប្តូរដីសំណល់ដ៏គ្រោះថ្នាក់ទៅជាខ្សែជីវិតថ្មីរបស់ប្រជាជនផងដែរ។
ចាប់ពីពេលនេះតទៅ តាមរយៈផ្លូវដែកនេះ ភ្នំលែងខ្ពស់ ហើយផ្លូវក៏លែងឆ្ងាយទៀតដែររវាងទីក្រុងគុនមីងរបស់ប្រទេសចិន និងទីក្រុងវៀងច័ន្ទន៍របស់ប្រទេសឡវ ដូចដែលមានឃ្លាមួយបានពោលថា «ញ៉ាំគុយទាវនៅគុនមីង ហើយផឹកកាហ្វេ និងបាយល្ងាចនៅវៀងច័ន្ទន៍»។
លោក លាំង ជានជុន បានបញ្ជាក់ថា លោកប្រធានាធិបតី ស៊ី ជីនពីងបានអំពាវនាវឱ្យផ្លូវដែកចិន-ឡាវក្លាយទៅជាគម្រោងដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ហើយវាបានក្លាយជាផ្លូវនៃការអភិវឌ្ឍ ជាផ្លូវនៃភាពរុងរឿង និងជាផ្លូវនៃមិត្តភាពដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសឡាវ។
កាលពីឆ្នាំមុន ពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសឡាវបានកើនឡើង ២១% បើធៀបនឹងរយៈពេលមុនពេលដំណើរការផ្លូវដែកនេះហើយការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង ៧០%។ ការនាំចេញផលិតផលកសិកម្មតាមរយៈផ្លូវរថភ្លើងបានកើនឡើង ៧៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសឡាវ ដោយសារ៨០% នៃប្រជាជនឡាវ គឺពឹងផ្អែកលើវិស័យកសិកម្ម។
តំបន់សេដ្ឋកិច្ច និងតំបន់នៅតាមបណ្តោយផ្លូវរថភ្លើង ដូចជាតំបន់អភិវឌ្ឍន៍ទូលំទូលាយសាយសេដ្ឋា និងតំបន់សេដ្ឋកិច្ចពិសេសម៉ូហាន-បូតេនបានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើន។ ផ្លូវដែកនេះក៏បានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសឡាវផងដែរ។
សូមបញ្ជាក់ថា ផ្លូវដែកនេះត្រូវបានបើកដំណើរការជាផ្លូវការដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងសមភាគីឡាវ លោក ថុងលូន ស៊ីស៊ូលីត (Thongloun Sisoulith) រួមគ្នាសម្ភោធដាក់ឱ្យប្រតិបត្តិការផ្លូវកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១៕
ដោយ៖ យា ចិន្តាខន្តី





