ចិនឈានដល់ការឯកភាពគ្នាក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាជាមួយប្រទេសជិតខាងចំនួន១៧
KP ប៉េកាំង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- គំនិតផ្តួចផ្តើមគោលនយោបាយការបរទេសសំខាន់ៗជាច្រើនរបស់ប្រទេសចិន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង និងបានផ្សព្វផ្សាយនៅក្នុងបណ្តាប្រទេសជិតខាងដោយរហូតមកដល់ពេលនេះ យើងបានឈានដល់ការឯកភាពគ្នាទៅលើការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាជាមួយប្រទេសជិតខាងចំនួន១៧។ នេះបើយោងតាមការលើកឡើងរបស់លោក លាំង ជានជុន (Liang Jianjun) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន ទទួលបន្ទុកចម្បងសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន១១ និងសម្រាប់យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានចូលរួមសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥.
សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាសហគមន៍ពហុភាគីនៃអនាគតរួមគ្នាជាមួយប្រទេសមេគង្គទាំង៥ និងភាពជាដៃគូអនាគតរួមគ្នាទ្វេភាគីជាមួយប្រទេសនីមួយៗដែលគ្របដណ្តប់ពេញលេញនៃក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ដូចគ្នានេះដែរ យើងមានសហគមន៍អនាគតរួមគ្នាទ្វេភាគីជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលទាំង៥ គឺ «សហគមន៍ចិន-អាស៊ីកណ្តាលជាមួយនឹងអនាគតរួមគ្នា»។
លោកបាននិយាយបន្ថែមថា «ចិនជាដៃគូពាណិជ្ជកម្មធំជាងគេក្នុងចំណោមប្រទេសជិតខាងចំនួន១៨។ យើងបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយបណ្តាប្រទេសជិតខាងចំនួន២៥។ សមាជិកអាស៊ានទាំងអស់បានចូលរួមជាមួយក្រុមប្រទេសជាមិត្ត GDI»។
លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បន្ទាប់ពីសន្និសីទការងារប្រទេសជិតខាង បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រដែលចិនបានភ្ជាប់ជាមួយប្រទេសជិតខាងរបស់ខ្លួន។ ទំនាក់ទំនងរបស់យើងជាមួយប្រទេសជិតខាងកាន់តែជិតស្និទ្ធឡើង ដោយបានកសាងឡើងនូវកិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ដែលវាជាដំណើរពីរផ្លូវដោយបង្កប់នូវជោគវាសនារួមគ្នា ផលប្រយោជន៍ជាប់ទាក់ទងគ្នា និងសាមគ្គីភាពទៅវិញទៅមក៕
ដោយ៖ យា ចិន្តាខន្តី





