ការទូតសម្រាប់ប្រទេសជិតខាង គឺជាអាទិភាពកំពូលសម្រាប់ប្រទេសចិន
AKP ប៉េកាំង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ -- លោក លាំង ជានជុន (Liang Jianjun) អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន ទទួលបន្ទុកចម្បងសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន១១ និងសម្រាប់យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានចូលរួមសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដែលមានអ្នកសារព័ត៌មានអន្តរជាតិចូលរួមប្រមាណជាង ៣០នាក់មកពី ២៣ប្រទេស បានលើកឡើងថា ការទូតសម្រាប់ប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់ប្រទេសចិន។
លោកបានបន្ថែមថា នាយកដ្ឋានកិច្ចការអាស៊ី គឺជានាយកដ្ឋានដំបូងបំផុតមួយដែលត្រូវបានបង្កើតឡើងនៅក្នុងក្រសួងការបរទេសចិនក្នុងពេលដំណាល់គ្នាតែមួយនៃការបង្កើតក្រសួងការបរទេសខ្លួនឯងនេះដែរ ដែលទទួលខុសត្រូវចំពោះបណ្តាប្រទេសជិតខាងចំនួន២៣ ដែលបង្កើតបានជាផ្នែកនៃគោលគំនិតដ៏ទូលំទូលាយនៃ «តំបន់ជុំវិញដ៏ធំ» ឬ «Big Neighborhood»។ ប្រទេសចិន គឺជាប្រទេសដ៏ធំដែលមានព្រំប្រទល់ដីវែងជាងគេដែលលាតសន្ធឹងជាង ២២.០០០គីឡូម៉ែត្រជាមួយប្រទេសជិតខាងចំនួន១៤។
លោកបាននិយាយបន្ថែមថា នៅពេលដែលយើងនិយាយអំពីប្រទេសជិតខាងដ៏ទូលំទូលាយនោះ គឺយើងសំដៅទៅលើប្រទេសចំនួន២៩ ដោយនៅក្នុងនោះរួមមានតំបន់អាស៊ីឦសាន (៤ប្រទេស) ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង ម៉ុងហ្គោលី តំបន់អាស៊ីអាគ្នេយ៍ (១១ប្រទេស) សមាជិកអាស៊ានទាំង១០ បូកនឹងទីម័រឡេស្ត តំបន់អាស៊ីខាងត្បូង (៨ប្រទេស) ប៉ាគីស្ថាន ឥណ្ឌា បង់ក្លាដែស ស្រីលង្កា នេប៉ាល់ ប៊ូតង់ ម៉ាល់ឌីវ អាហ្វហ្គានីស្ថាន និងតំបន់អាស៊ីកណ្តាល (៥ប្រទេស) តូមិននីស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងកាហ្សាក់ស្ថាន
បូកនឹងរុស្ស៊ី។
មានពាក្យមួយឃ្លាក្នុងប្រទេសចិនបានពោលថា «សាច់ញាតិឆ្ងាយមិនល្អដូចអ្នកជិតខាងទេ»។ អ្នកជិតខាងល្អ មានន័យថាផ្ទះដែលមានសន្តិភាព និងសុវត្ថិភាព។ នោះហើយជាមូលហេតុដែលគណៈកម្មាធិការមជ្ឈិមបានកោះប្រជុំសន្និសិទការងារការទូតរបស់ប្រទេសជិតខាងជាលើកដំបូង ហើយបានកំណត់យ៉ាងច្បាស់នូវទំនាក់ទំនងប្រទេសជិតខាងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសចិន អាទិភាពក្នុងការការពារសន្តិសុខជាតិ គន្លឹះក្នុងការធ្វើផែនការការទូតរួម និងជាផ្នែកសំខាន់នៃការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
ដោយ៖ យា ចិន្តាខន្តី





