មនុស្ស ៩នាក់រងរបួសក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ -- យោងតាមប្រភពផ្លូវការរបស់ប្រទេសលីបង់បានឱ្យដឹងថា មនុស្ស ៩នាក់ រួមទាំងកុមារ ២នាក់បានរងរបួសកាលពីថ្ងៃអង្គារនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលសំដៅទៅលើម៉ូតូមួយក្រុមនៅភាគខាងត្បូងប្រទេសលីបង់។
ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានកំណត់គោលដៅលើម៉ូតូមួយក្រុមនៅផ្លូវMansouri-Majdal Zoun ក្នុងតំបន់ទីរ៉េ ចំណែកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈដែលពាក់ព័ន្ធជាមួយក្រសួងសុខាភិបាលបាននិយាយថា អ្នករបួស ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្លាប់មេបញ្ជាការនៅអគារ Mansouri របស់ក្រុមក្រុមហេសបូឡាហ៍នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគខាងត្បូងប្រទេសលីបង់។
កងកម្លាំង IDF មិនបាននិយាយពីឈ្មោះមេបញ្ជាការនោះទេ ប៉ុន្តែបាននិយាយថា លោកមានគម្រោងវាយប្រហារ «ជាច្រើន» ប្រឆាំងនឹងអ៊ីស្រាអែល សម្របសម្រួលការផ្ទេរអាវុធ និងទទួលខុសត្រូវចំពោះការប៉ុនប៉ងបង្កើតឡើងវិញនូវបញ្ហាដ៏ស្មុគស្មាញនេះ។
ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបាននាំមកនូវការបញ្ចប់ការប៉ះទង្គិចគ្នាជាងមួយឆ្នាំដែលទាក់ទងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សាក៏ដោយ ក៏យោធាអ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារនៅក្នុងប្រទេសលីបង់ ដោយអះអាងថា ពួកគេមានគោលបំណងលុបបំបាត់ «ការគំរាមកំហែង» ដែលបង្កឡើងដោយក្រុមហេសបូឡាហ៍៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





