ចិននឹងកាត់បន្ថយតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ -- អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសបាននិយាយថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយចំពោះប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។
យោងតាមគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានឱ្យដឹងថា តម្លៃសាំងនឹងត្រូវកាត់បន្ថយចំនួន ២៣០យ័ន (ប្រហែល៣២ដុល្លារអាម៉េរិក) ក្នុងមួយតោន និងតម្លៃប្រេងម៉ាស៊ូត ២២០យ័នក្នុងមួយតោន។
ក្រុមហ៊ុនប្រេងធំជាងគេទាំងបីរបស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិន សាជីវកម្មប្រេងគីមីចិន និងសាជីវកម្មប្រេងឈូងសមុទ្រចិន ក៏ដូចជារោងចក្រចម្រាញ់ប្រេងផ្សេងទៀត ត្រូវបានដឹកនាំឱ្យរៀបចំការផលិត និងដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។
នៅក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្ន តម្លៃនៃផលិតផលប្រេងចម្រាញ់ត្រូវបានកែសម្រួលស្របតាមការផ្លាស់ប្តូរតម្លៃប្រេងឆៅអន្តរជាតិ។
គណៈកម្មាធិការ NDRC បាននិយាយថា នាយកដ្ឋានពាក់ព័ន្ធនៅក្នុងតំបន់ផ្សេងៗគួរតែពង្រឹងការត្រួតពិនិត្យទីផ្សារ និងកិច្ចខិតខំប្រឹងប្រែងអធិការកិច្ច។ លើសពីនេះ គួរតែអនុវត្តន៍វិធានការតឹងរ៉ឹងក្នុងការបង្ក្រាបសកម្មភាពដែលបំពានលើគោលនយោបាយតម្លៃជាតិ ដើម្បីធានាសណ្តាប់ធ្នាប់នៅលើទីផ្សារ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





