អភិបាលខេត្តបន្ទាយមានជ័យ បំផុសស្មារតីក្រុមការងារចុះពិនិត្យបញ្ជីបោះឆ្នោត និងកែសម្រួលទិន្នន័យអត្រានុកូលដ្ឋានដល់មូលដ្ឋាន
AKP បន្ទាយមានជ័យថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥៖
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានបន្តដំណើរចុះពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោត ព្រមទាំងបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមការងារពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី ដែលកំពុងបំពេញភារកិច្ចចល័តតាមភូមិ ឃុំ សង្កាត់នានាក្នុងខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងផ្តល់ការណែនាំដល់ក្រុមការងារចុះពិនិត្យប្រមូលទិន្នន័យអត្រានុកូលដ្ឋានប្រជាពលរដ្ឋ ដែលមានកំហុសទិន្នន័យអក្ខរាវិរុទ្ធ ដើម្បីជួយសម្រួល និងកែតម្រូវជូនពួកគាត់ផងដែរ។
ការចុះត្រួតពិនិត្យនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលបានដាក់ចេញនូវគោលការណ៍ដ៏សំខាន់ក្នុងការរៀបចំក្រុមការងារចល័តចុះមូលដ្ឋាន ដើម្បីធ្វើយុទ្ធនាការប្រមូលទិន្នន័យ និងកែសម្រួលអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។ គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតប្រកបដោយគុណភាព និងតម្លាភាព ត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ក្នុងពេលចុះជួបសំណេះសំណាលជាមួយក្រុមការងារនៅតាមមូលដ្ឋាន ឯកឧត្តម អ៊ុ រាត្រី បានកោតសរសើរចំពោះស្មារតីខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមការងារទាំងអស់ ដែលបានសកម្មក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ ទោះបីជាមានការលំបាកខ្លះៗក៏ដោយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការងារនេះគឺជាកិច្ចការជាតិដ៏សំខាន់ ដែលរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា"ខ្ញុំពិតជាមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចុះដល់មូលដ្ឋាន ជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងជួយកែសម្រួលទិន្នន័យអត្រានុកូលដ្ឋានដែលមានកំហុស។ នេះគឺជាការងារដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ការទទួលបានសេវាសាធារណៈផ្សេងៗទៀតផងដែរ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការឱ្យបានពេញលេញជាមួយក្រុមការងារ ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។"

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីសារៈសំខាន់នៃការកែសម្រួលទិន្នន័យអត្រានុកូលដ្ឋានឱ្យបានត្រឹមត្រូវ ដោយសារទិន្នន័យនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ព្រមទាំងការទទួលបានសេវាសាធារណៈផ្សេងៗពីរដ្ឋផងដែរ។ ការកែសម្រួលទិន្នន័យឱ្យបានត្រឹមត្រូវ នឹងជួយកាត់បន្ថយបញ្ហាដែលអាចកើតមាននាពេលអនាគត ជាពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត និងការស្នើសុំឯកសាររដ្ឋបាលផ្សេងៗ។
ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការ និងជួយសម្រួលដល់ការបំពេញភារកិច្ចរបស់ក្រុមការងារឱ្យបានល្អប្រសើរ ធានាបាននូវបរិយាកាសការងារប្រកបដោយភាពរលូន និងប្រសិទ្ធភាពខ្ពស់។
យុទ្ធនាការចុះពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងកែសម្រួលទិន្នន័យអត្រានុកូលដ្ឋាននេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ និងប្រជាពលរដ្ឋ គេមានជំនឿយ៉ាងមុតមាំថា យុទ្ធនាការដ៏សំខាន់នេះនឹងទទួលបានជោគជ័យ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និងយុត្តិធម៌៕
ដោយ៖ ឈុន សារ៉ាត





