វគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់បេក្ខជន ដែលត្រូវចូលរួមការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសសុខសាយប័រ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥៖
ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់បេក្ខជន បេក្ខនារី ចំនួន ១០០ រូប ដែលត្រូវបានជ្រើសរើសចូលរួមការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសសុខសាយប័រ ប្រលងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក.ប.ទ. នឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោមបេក្ខភាពទាំង ១០០រូប ដែលបានចូលរួមក្នុងការប្រកួត ដើម្បីទទួលបានមេដាយ និងរង្វាន់លើកទឹកចិត្ត ដោយ ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០០,០០០ រៀល ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។

មានបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើនឹងទទួលបានអាហារូបករណ៍រយៈពេល ៤ខែពីគ្រូបង្គោលផ្នែកបច្ចេកទេសសន្តិសុខសាយប័រ និងឱកាសតំណាងប្រទេសកម្ពុជាចូលរួមការប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក.ប.ទ. សូមសម្ដែងការអបអរសាទរដល់បេក្ខជន បេក្ខនារីទាំង ១០០រូប និងសូមជូនពរប្អូនៗទទួលបានលទ្ធផលជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





