យុវជនជិត២០០នាក់ ចូលរួមសិក្ខាសាលាពីយុទ្ធសាស្ដ្រតស៊ូមតិលើកទី១ នៅខេត្ដសៀមរាប
AKPសៀមរាប ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥៖
យុវជនចំនួន១៧៥នាក់ មកពីវិទ្យាល័យរដ្ឋ និងឯកជន ចំនួន២០ វិទ្យាល័យ ក្នុងខេត្ដសៀមរាប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានចូលរួមក្នុងសិក្ខាសាលាស្ដីពីនិតិវិធី និងយុទ្ធសាស្ដ្រតស៊ូមតិលើកទី១ ដើម្បីបណ្តុះបណ្តាលយុវជន ឱ្យក្លាយជាពលរដ្ឋសកល ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ។

លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានថ្លែងថា កម្មវិធីជជែកដេញដោលលើកទីមួយនេះ ដើម្បីបណ្តុះបណ្តាលយុវជន ឱ្យក្លាយជាពលរដ្ឋសកល ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល ដែលមានសមត្ថភាព ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះ តាមរយៈការសន្ទនា និងដើម្បីកសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃ ក្នុងការបញ្ចេញមតិ ដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម និងពង្រឹងជំនាញ នៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ជំនាញក្នុងការនិយាយជាសាធារណៈ។

លោកបានបន្តថា កម្មវិធីនេះក៏បានផ្តល់ឱកាសឱ្យយុវជន ពិចារណា បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិ គំនិត នៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនង ភាពស្និតស្នាល ល្អរវាងយុវជន និងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព ពង្រីកធនធានយុវជនដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា។
ក្នុងឱកាសនេះដែរ លោក កែវ វិបុល អនុប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន បានថ្លែងថា នាយកដ្ឋាននេះកំពុងរៀបចំកម្មវិធីជាច្រើន ដើម្បីពង្រឹងសមត្ថភាពយុវជនឱ្យរឹងមាំ ចេះគិតយ៉ាងហ្មត់ចត់ ភាពជាអ្នកដឹកនាំ ការពង្រីកទស្សនៈរបស់ខ្លួនឱ្យបានសមស្របតាមការវិវត្តក្នុងសម័យឌីជីថលរួមមាន៖កម្មវិធីយុវជន២១ កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១(ស្លែម) កម្មវិធី ចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ដែលមានក្រុមប្រឹក្សាយុវជនកម្ពុជា និងកុមារកម្ពុជា ជាយន្តការក្នុងការអនុវត្តការងារនៅសាលារៀន និងកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិ ជាពិសេសកម្មវិធីជជែក ដេញដោលយុវជនថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ខណៈដែលកម្មវិធីនេះ មានការគាំទ្រយ៉ាងខ្លាំងលើបណ្តាញសង្គម។

លោកបន្ដថាក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំឱ្យមន្ទីរអប់រំយុវជន និងកីឡា ២៥រាជធានីខេត្ត ឱ្យរៀបចំកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ខេត្ត” ក្នុងនោះមានខេត្តចំនួន០៧ខេត្ដ កំពុងអនុវត្តមានដូចជាខេត្តកណ្តាល កំពង់ចាម បាត់ដំបង ព្រះសីហនុ កំពង់ឆ្នាំង កំពង់ធំ និងខេត្តសៀមរាប។កម្មវិធីនេះ បានរៀបចំមួយឆ្នាំរួចហើយ និងកំពុងបន្តអនុវត្តឆ្នាំទី២សម្រាប់កម្មវិធី “ជជែក ដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៥” នៅតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនមកប្រកួតថ្នាក់ខេត្ត បានកំណត់យកសិស្សជាគោលដៅអាទិភាព។
លោកបន្ថែមថា នេះជាបេសកកម្មយ៉ាងសំខាន់របស់ក្រសួងសម្រាប់អភិវឌ្ឍយុវជនប្រកបដោយចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនងល្អ និងការចេះរស់នៅជាមួយគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ មានសីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ និងមានឥរិយាបថថ្លៃថ្នូរក្នុងសង្គមជាតិ៕
ដោយ៖ ឃុត សៅ





