នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង មេបញ្ជាការរង និងជានាយសេនាធិកា យោធិភូមិភាគទី៣
AKPកំពង់ស្ពឺថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥៖
នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៣ ឯកឧត្តមឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន ជំនួសឯកឧត្តមឧត្តមសេនីយ៍ទោ សំ សំអាត ដែលត្រូវបានដាក់ចូលជាយោធិពិការ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់បានមានប្រសាសន៍ថាបញ្ជាការដ្ឋាន ចំណុះភូមិភាគ ត្រូវពង្រឹងពាក់ព័ន្ធការចូលសោធននិវត្ត ហាមដាច់ខាតរាល់ការជ្រើសរើសពលទាហានថ្មី កុំឲ្យមានការយកប្រាក់ពីបេក្ខជន ឬមានអំពើស៊ីសំណូកពីការរើសទ័ពឡើយ បើមានករណីនេះអង្គភាពនីមួយៗ ទទួលខុសត្រូវចំពោះវិធានការច្បាប់។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសង្កត់ធ្ងន់ថា មេបញ្ជាការ និងមេបញ្ជាការរង យោធភូមិភាគតែងតាំងថ្មី មិនឲ្យមានបក្ខពួកក្នុងអង្គភាព មិនឲ្យមានអំពើពុករលួយលើការតែងតាំងមន្ត្រីក្រោមឱវាទ និងត្រូវធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុត ចំពោះកូនចៅខ្លួន។ ជាងនេះពង្រឹសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ធ្វើឲ្យអង្គភាពមានការរីកចម្រើន ប្រែមុខមាត់លើគ្រប់វិស័យ ដោយគិតផលប្រយោជន៍រួម និងផលប្រយោជន៍ប្រទេសជាតិជាធំ។

ឯកឧត្តមនាយឧត្តមសេនីយ៍បានថ្លែងបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរមុខតំណែងមេបញ្ជាការរងនិងជានាយសេនាធិការយោធិភូមិភាគទី៣ នាថ្ងៃនេះជាផ្លាស់ប្តូរដូចគ្នា ក្នុងអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីមានភាពរីកចម្រើនក្នុងអង្គភាព ឬស្ថាប័នណាមួយ។
ឯកឧត្តមលើកឡើងបន្តថា ការប្រគល់ភារកិច្ច គឺមានអត្ថប្រយោជន៍៤ជាគន្លឹះ ដែលនោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិន ដែលដល់អាយុចូលនិវត្តន៍ថែមទៀតផងរួមមាន៖
*ទី១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
*ទី២៖ រៀបចំធនធានមនុស្សឱ្យស្របសមត្ថភាពជំនាញ និងនិស្ស័យ
*ទី៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
*ទី៤៖ ជាការចែករំលែកបទពិសោធន៍ល្អៗ ក្នុងបំណងធ្វើឱ្យអង្គភាពមានការរីកចម្រើនព្រមៗគ្នា។ លក្ខខណ្ឌក្នុងការតែងតាំង នាយទាហាន ដឹកនាំបញ្ញា ក៏ដូចជាប្រធាន បណ្តាស្ថាប័ន ក្នុងកងយុទ្ធពលខេមរៈភូមិន្ទទាមទារនូវលក្ខណៈសម្បត្តិ៤យ៉ាង រួមមាន៖
*ទី១៖ សុខភាពល្អ កាយសម្បទាមាំមួន
*ទី២៖ មានសមត្ថភាព វិជ្ជាជីវៈ ជំនាញបទពិសោធន៍ ក្នុងការដឹកនាំបញ្ញាគ្រប់គ្រង និងមានភាពឆ្លាតវៃ
*ទី៣៖ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ គម្រូ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន មានស្មារតីទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំបានល្អ និងមានការគោរពស្រឡាញ់ពីមហាជន ប្រជាជន ពុំធ្លាប់ទទួលទណ្ឌកម្មរបស់អង្គភាព តាមច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសរបស់ស្ថាប័នតុលាការ។
*ទី៤៖ យល់ដឹង និងចេះប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន៕
ដោយ៖ លឹម សាន្ត





