អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងសម្របសម្រួលដីធ្លី ជូនប្រជាពលរដ្ឋក្នុងតំបន់ព្រៃលិចទឹក
AKPបន្ទាយមានជ័យថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥៖
លោក ឃ្លោក នួយ និងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យដោយផ្ទាល់ លើការបែងចែកដីធ្លីសម្រាប់អាស្រ័យផល ជូនបងប្អូនប្រជាពលរដ្ឋដែលបានចាប់ឆ្នោតឈ្នះ នៅក្នុងតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ស្ថិតនៅភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដំណើរចុះពិនិត្យនេះ មានការចូលរួមយ៉ាងកុះករពី លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារចម្រុះថ្នាក់ខេត្តជាច្រើនរូប។ វត្តមានដ៏សំខាន់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់រដ្ឋបាលខេត្ត ក្នុងការធានាឱ្យការបែងចែកដីធ្លី ប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋគ្រប់រូប។
នៅក្នុងឱកាសនោះដែរ លោក ឃ្លោក នួយ បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថា នេះគឺជាការអនុវត្តន៍នូវគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ព្រៃលិចទឹក។ លោកបានបញ្ជាក់ថា ក្រុមការងារចម្រុះ នឹងធ្វើការពិនិត្យ និងសម្របសម្រួលលើទីតាំងក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ស្របតាមការបែងចែកដែលបានធ្វើឡើង ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋ ទទួលបានដីពិតប្រាកដ សម្រាប់ធ្វើការបង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅ។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងការផ្តល់ព័ត៌មានពិត និងការអត់ធ្មត់រង់ចាំការដោះស្រាយពីក្រុមការងារ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង ហើយនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីបញ្ចប់បញ្ហាដីធ្លីនេះ ឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ លោក លៀម សុដា ក៏បានបន្ថែមទៀតថា ក្រុមការងារបច្ចេកទេស នឹងចុះធ្វើការវាស់វែងកំណត់ព្រំប្រទល់ដីជាក់ស្តែង ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវការប៉ះពាល់ ឬទំនាស់ដីធ្លីដែលអាចកើតមានឡើងនាពេលអនាគត។ លោកបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការឱ្យបានល្អ ជាមួយក្រុមការងារ ដើម្បីឱ្យដំណើរការនេះ ប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនោះ បានបង្ហាញនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខេត្ត ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចុះមកដោះស្រាយបញ្ហាដីធ្លីដោយផ្ទាល់ដល់ពួកគាត់។ ពួកគាត់បានប្តេជ្ញាចិត្ត ក្នុងការសហការយ៉ាងពេញលេញ ជាមួយអាជ្ញាធរ និងក្រុមការងារ ដើម្បីឱ្យការបែងចែកដីធ្លីនេះ ទទួលបានជោគជ័យ។
សូមជម្រាបថា ដំណើរចុះពិនិត្យ និងសម្របសម្រួលដីធ្លីនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌។ នេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងខេត្តបន្ទាយមានជ័យ៕
ដោយ៖ ឈុន សារ៉ាត





