អាជ្ញាធរស្រុកភ្នំស្រុក បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅអាងត្រពាំងថ្ម
AKPបន្ទាយមានជ័យថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥៖
ក្រុមការងារកម្លាំងចម្រុះប្រចាំការអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ហីរី ហាំង អភិបាលរងស្រុកភ្នំស្រុកកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើប្រតិបត្តិការចុះល្បាតទ្រង់ទ្រាយធំក្នុងអាងត្រពាំងថ្ម ដោយបានធ្វើការរឹបអូស និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ធនធានមច្ឆជាតិនៅក្នុងតំបន់ដ៏សំខាន់មួយនេះ។

ប្រតិបត្តិការចុះល្បាតនេះ បានផ្តោតសំខាន់ទៅលើការទប់ស្កាត់ការនេសាទដោយប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ រួមមាន សារអ៊ុយ លបប្រើស និងទ្រូកែឆ្នៃ ដែលត្រូវបានគេលួចដាក់ក្នុងអាងត្រពាំងថ្មយ៉ាងអនាធិបតេយ្យ។ ជាលទ្ធផល ក្រុមការងារចម្រុះបានធ្វើការរឹបអូសបាន សារអ៊ុយចំនួន ៣០ខ្សែ លបប្រើសចំនួន ១០០មាត់ និងទ្រូកែឆ្នៃចំនួន ១០កន្លែង។ ឧបករណ៍នេសាទខុសច្បាប់ទាំងអស់នេះ ត្រូវបានយកមករួមគ្នានៅកន្លែងសុវត្ថិភាពមួយ រួចដុតកម្ទេចចោលនៅនឹងមុខមន្ត្រីជំនាញ ដើម្បីជាការព្រមានដល់អ្នកប្រព្រឹត្តល្មើសផ្សេងទៀត។
លោក ហីរី ហាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីប្រតិបត្តិការណ៍នេះបានបញ្ចប់ថា សកម្មភាពនៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងអាងត្រពាំងថ្ម បាននឹងកំពុងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងការបន្តពូជរបស់ត្រីនៅក្នុងអាង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានភាពនេះនៅតែបន្ត ធនធានមច្ឆជាតិនឹងបន្តរងការថយចុះ ហើយទីបំផុតនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើការនេសាទជាប្រភពចំណូល។

ទន្ទឹមនឹងនេះ លោកអភិបាលរងស្រុកក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជានេសាទទាំងអស់នៅក្នុងមូលដ្ឋាន សូមឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ។ លោកបានលើកឡើងថា ការចូលរួមថែរក្សាសម្បត្តិធម្មជាតិ ជាពិសេសធនធានត្រីនៅក្នុងអាងត្រពាំងថ្ម គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវនិរន្តរភាពនៃធនធានដ៏មានតម្លៃនេះសម្រាប់កូនចៅជំនាន់ក្រោយ។
អាងត្រពាំងថ្ម ត្រូវបានគេស្គាល់ថាជាអាងស្តុកទឹកដ៏សំខាន់មួយក្នុងខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដីរាប់ពាន់ហិកតា និងជាជម្រកដ៏សំខាន់សម្រាប់ប្រភេទត្រីទឹកសាបជាច្រើនប្រភេទ។ អាងនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ ហេតុដូច្នេះ ការការពារធនធានមច្ឆជាតិនៅក្នុងអាងនេះ មិនត្រឹមតែជួយដល់ជីវចម្រុះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

អាជ្ញាធរស្រុកភ្នំស្រុកបានប្តេជ្ញាចិត្តថានឹងបន្តពង្រឹងកិច្ចប្រតិបត្តិការចុះល្បាត និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកដែលនៅតែបំពានច្បាប់ស្តីពីជលផល។ ពួកគេក៏គ្រោងនឹងធ្វើការផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតដល់ប្រជាពលរដ្ឋអំពីផលវិបាកនៃការនេសាទខុសច្បាប់ និងសារៈសំខាន់នៃការចូលរួមក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនេះ។
ប្រតិបត្តិការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅអាងត្រពាំងថ្មនាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់អាជ្ញាធរក្នុងការថែរក្សា និងការពារធនធានធម្មជាតិ។ គេសង្ឃឹមថា តាមរយៈការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងការចូលរួមសហការពីប្រជាពលរដ្ឋ អាងត្រពាំងថ្មនឹងក្លាយជាកន្លែងដែលប្រកបដោយធនធានមច្ឆជាតិដ៏សម្បូរបែប សម្រាប់ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល៕
ដោយ៖ ឈុន សារ៉ាត





