លោកហាក់ ម៉ុងហួតអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់មហាជនស្រុកតាំងគោក
AKPកំពង់ធំ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥៖
លោកហាក់ ម៉ុងហួតអភិបាលស្រុកតាំងគោកបានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់មហាជនស្រុកតាំងគោកនៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនតាំងគោកកាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥។

រដ្ឋបាលស្រុកតាំងគោកបានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់មហាជនស្រុកតាំងគោកនេះឡើងដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នាពង្រឹងនិងបង្កើនបទពិសោធន៍ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការប្រកួតពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។
លោក អៀង ប៊ុនហានប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកតាំងគោក បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតជំរុះវិលជុំពានរង្វាន់មហាជនស្រុកតាំងគោកមានចំនួន៨ក្រុមដែលមានកីឡាករសរុប២៥០នាក់ប្រតិភូដឹកនាំ-គ្រូបង្វឹក២៤នាក់និងក្រុមអាជ្ញាកណ្ដាល១៥នាក់។ ក្រុមទាំង៨រួមមាន៖ ១-ក្រុមពង្ររួមមិត្ត២-ក្រុមឃាតករចិត្តព្រាន ៣-ក្រុមតោរោមមាស៤-ក្រុមអធិរាជសេះស៥-ក្រុមតាខ្មៅ ៦-ក្រុមដំរីស្នេហ៍ច័ន្ទ ៧-ក្រុមហង្សភ្លើងនិង៨-ក្រុមខ្លាកំណាចតាំងគោក។

ការប្រកួតបាល់ទាត់នេះមានរយៈពេល៦ខែ ចាប់ពីថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៤ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥ហើយការប្រកួតនៅថ្ងៃសៅរ៍និងអាទិត្យដែលជាថ្ងៃសម្រាកពីការសិក្សានិងការងារក៏ដូចជាថ្ងៃឈប់សម្រាកពេលបុណ្យទានជាដើម។ក្រុមដែលទទួលបានពាននៅវគ្គផ្តាច់ព្រ័តគឺលេខ១បានទៅក្រុមដំរីស្នេហ៍ច័ន្ទ លេខ២ ក្រុមហង្សភ្លើងនិងលេខ៣ក្រុមតោរោមមាស។
លោកហាក់ ម៉ុងហួតបានមានប្រសាសន៍បញ្ជាក់ថាការផ្ដួចផ្ដើមដំបូងនិងការគាំទ្រចំពោះការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះក្រៅពីចូលរួមលើកស្ទួយវិស័យកីឡានៅមូលដ្ឋានព្រឹត្តិការណ៍នេះក៏ជាឱកាសជួបជុំរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នាមកពីគ្រប់មជ្ឈដ្ឋានដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពនិងភាតរភាព ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការលេងកីឡាបាល់ទាត់។

ក្នុងឱកាសនោះលោកអភិបាលស្រុកបានអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្ស-យុវជននៅស្រុកតាំងគោកក៏ដូចជានៅស្រុកភូមិដទៃសូមចូលរួមលេងនិងលើកស្ទួយវិស័យកីឡាឱ្យបានសកម្មផុសផុល តាមរយៈកម្មវិធីសិក្សាក្ដី ការធ្វើលំហាត់ប្រាណក្ដីឬក៏ការជួបជុំចូលរួមលេងក្នុងទីលានក្ដីដើម្បីចៀសឆ្ងាយពីគ្រឿងញៀនឬអំពើអបាយមុខផ្សេងៗ។ការលេងកីឡា តួយ៉ាងដូចជាកីឡាបាល់ទាត់នេះគឺនាំមកនូវសុខភាពរាយកាយនិងបញ្ញាបង្កើនស្មារតីសហការជាក្រុម បង្កើនបទពិសោធន៍និងទំនាក់ទំនងល្អប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព "ភាពជាបងប្អូន"។ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៦ខែដោយគិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ដល់ថ្ងៃ១៦ខែឧសភា ឆ្នាំ២០២៥និងដោយឈរលើស្មារតី ចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិ្ត បទបញ្ជាបច្ចេកទេសផងនោះបានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួរជាទីមោទនៈ។
លោក ហាក់ ម៉ុងហួតក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ ដែលបានខិតខំរៀបចំប្រកួតកីឡាបាល់ទាត់"ពានរង្វាន់មហាជនស្រុកតាំងគោក"នេះឡើង រហូតទាល់បិទបញ្ចប់វគ្គផ្តាច់ព្រ័តនេះលើទឹកដីស្រុកតាំងគោក ខណៈកន្លងទៅក៏មានការប្រកួតកម្រិតថ្នាក់ស្រុកជាច្រើនលើករួចមកហើយ៕
ដោយ៖ ស៊ុម វណ្ណា





