សម្តេចធិបតី៖ សន្តិភាពបានប្រែក្លាយទីតាំងសមរភូមិទៅជាទីតាំងនៃការរីកចម្រើន
AKP ពោធិ៍សាត់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សន្តិភាពបានប្រែក្លាយទីតាំងសមរភូមិទៅជាទីតាំងនៃការរីកចម្រើន ហើយយើងនៅតែបន្តរួមគ្នាកសាង បន្ថែមទៀត ដើម្បីការរីកចម្រើនជារួមរបស់កម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅតំបន់វាលវែង ដែលធ្លាប់តែជាសមរភូមិក្តៅនៅក្នុងសម័យសង្គ្រាម កំពុងតែមានការប្រែក្លាយមុខមាត់ថ្មីគួរឱ្យកត់សម្គាល់។

ការលើកឡើងរបស់សម្តេចធិបតីដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្រុកវាលវែងមានសក្តានុពលល្អប្រសើរ វាមានផ្លូវតភ្ជាប់ ដូចជាផ្លូវជាតិលេខ៥៥ ជាពិសេសផ្លូវជាតិលេខ១០ ដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ការទាក់ទាញអ្នកទេសចរឱ្យមកកាន់ទីនេះ ឬឆ្លងកាត់ទីនេះបន្តទៅកាន់ខេត្តកោះកុង។

សម្តេចបានបន្តថា ការអភិវឌ្ឍហេដ្ឋាសម្ព័ន្ធផ្លូវគមនាគមន៍មកកាន់តំបន់នេះ ទើបយើងអាចនាំប្រជាពលរដ្ឋឱ្យមកស្គាល់តំបន់នេះបាន ព្រោះវាជាតំបន់ព្រៃភ្នំពិបាកក្នុងការធ្វើដំណើរ សូម្បីតែអ្នកដើរព្រៃក៏ពិបាកផងដែរ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលសម្រេចក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មកកាន់តំបន់នេះ និងទៅកាន់តំបន់ដទៃទៀតយ៉ាងប្រទាក់ក្រឡាដើម្បីជំរុញកំណើនសេដ្ឋកិច្ចផង ហើយក៏ជាការរួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដីផងដែរ ដោយយើងបានធ្វើច្រើនណាស់នូវផ្លូវនៅតាមបណ្តោយព្រំដែន ជាពិសេសនៅទិសខាងលិចប្រទេស ហើយទិសខាងកើតប្រទេសយើងនៅតែបន្តធ្វើ ដើម្បីផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចផង និងផលប្រយោជន៍ខាងកិច្ចការពារបូរណភាពទឹកដីផង ដែលនេះហើយគឺជាការធ្វើពិតៗរបស់យើង ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមថា នៅតាមព្រំដែនយើងនៅតែបន្តការអភិវឌ្ឍ និងរុញប្រជាពលរដ្ឋឱ្យទៅរស់នៅទីនោះ ខណៈដែលទីនោះកំពុងមានការអភិវឌ្ឍសម្រាប់ ដោយរាជរដ្ឋាភិបាលមិនរុញពលរដ្ឋឱ្យមករស់នៅដោយគ្មានការអភិវឌ្ឍនោះទេ៕
ដោយ៖ ចាន់ សុភឿន





