សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្រុកវាលវែង ជាទឹកដីនៃក្ដីសង្ឃឹម និងជាទឹកដីនៃនៃសន្តិភាព ដោយសារនយោបាយ ឈ្នះ ឈ្នះ
AKP ពោធិ៍សាត់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥–
ឪពុករបស់ខ្លួន បងរបស់ខ្លួនដែលពេញវ័យ ជួនកាលកាន់កាំភ្លើងទៅបាញ់គ្នា ក្នុងពេលប្រទេសជាតិមានសង្រ្គាម។ នេះជាការក្រើនរម្លឹក របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រមោយ ស្ថិតនៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្ដេចធិបតី បានគូសបញ្ជាក់បន្តថា នៅពេលនេះទឹកដីស្រុកវាលវែងមានមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មណ្ឌលសុខភាព និងមានប្រជាពលរដ្ឋតាំងទីលំនៅបង្កើតកន្លែងលំហែអារម្មណ៍កម្សាន្តសប្បាយរីករាយសម្រាប់អ្នកទេសចរមកពីទីជិតឆ្ងាយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«កូនចៅអ្នកនៅទីនេះ មុនសមាហរណកម្មឃើញតែគ្រាប់កាំភ្លើង មិនដឹងមានឱកាសទៅរៀននៅកន្លែងណា ឪពុករបស់ខ្លួន បងរបស់ខ្លួនដែលពេញវ័យ ជួនកាលកាន់កាំភ្លើងទៅបាញ់គ្នា មិនដឹងស្លាប់រស់មកថ្ងៃនេះប៉ុន្មាននាក់ទៀត នេះជាការពិត ប៉ុន្តែថ្ងៃនេះបានប្រែក្លាយទៅជាទឹកដីនៃក្ដីសង្ឃឹម ទឹកដីនៃនៃសន្តិភាព ដោយសារនយោបាយ ឈ្នះ ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានការទុកចិត្តពីប្រជាពលរដ្ឋ ហើយខ្ញុំសូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា មិនខុសបំណងទេ ហើយយើងនឹងខិតខំមិនឱ្យប្រជាពលរដ្ឋខុសបំណងទេ»។

សូមជម្រាបជូនថា សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រមោយ បានកើតឡើងនៅពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា អញ្ជើញមកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលភ្ជាប់ពីខេត្តពោធិ៍សាត់ ទៅប្រទេសថៃ តាមច្រកព្រំដែនថ្មដា និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ ដែល តភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដោយឆ្លងកាត់តាមខេត្តពោធិ៍សាត់៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





