សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលថវិកាលើកទី៣ ពីសប្បុរសជន ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- សប្បុរសជនក្នុងខេត្តព្រះសីហនុបន្តនាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយពិធីទទួល និងប្រគល់នេះបានធ្វើនៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ"។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមនាំយកថវិកា និងសម្ភារប្រគល់ជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុពុំខានឡើយ ហើយក្រុមការងារមូលនិធិរបស់សាខាកាកបាទក្រហមនៅរង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។


ថវិកាដែលប្រមូលបានពីបងប្អូនសប្បុរសជនលើកទី៣ ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥នេះ បានចំនួន ៩៣ ៧៦០ ០០០រៀល និង១៦៥ ៩៧១ដុល្លាអាមេរិក។ ការទទួលថវិកាពីសប្បុរសជនលើកទី១ និងទី២ ទទួលបានទឹកប្រាក់ចំនួន១៨៩ ៨០៣ ៧០០រៀល និង៣០៤ ៧៥០ដុល្លាអាមេរិក៕

ដោយ ងូ សុមុនី





