កសិករប្រកបរបរចិញ្ចឹមសត្វកណ្ដូបសប្បាយរីករាយដោយសារមានទីផ្សារល្អ
AKP បាត់ដំបង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- កសិករប្រកបរបរចិញ្ចឹមសត្វកណ្ដូបលក់ បានប្រាប់ឱ្យដឹងថាបច្ចុប្បន្ន ទីផ្សារសត្វកណ្ដូបកាន់តែមានតម្លៃល្អ និងមានទីផ្សារកាន់តែទូលាយគឺមិនខ្វះម៉ូយទទួលទិញឡើយ។ ដូច្នេះហើយទើបពួកគាត់ព្យាយាមពង្រីកទីតាំងចិញ្ចឹមបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូល។ កសិករខ្លះចិញ្ចឹមកណ្តូបរហូតដល់ទៅ២៥ទ្រុង។

អ្នកស្រី យន់ ឡៃហន អាយុ៣៧ឆ្នាំ ជាកសិករចិញ្ចឹមសត្វកណកណ្ដូបម្នាក់ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបរាប់ថា គ្រួសារអ្នកស្រីទើបចាប់ផ្ដើមចិញ្ចឹមកណ្ដូបនេះបានប្រហែលជាងមួយឆ្នាំប៉ុណ្ណោះដែលជាមុខរបរបន្ថែមលើមុខរបរដាំដំណាំកសិកម្មប្រចាំឆ្នាំមានស្រូវដំឡូង និងពោតជាដើម។ ប្អូនរបស់អ្នកស្រីជាអ្នកផ្ដួចផ្ដើមគំនិតចិញ្ចឹមកណ្តូបនេះមុន។ នៅពេលឃើញប្អូនចិញ្ចឹមកាក់កប ទើបគាត់ចាប់ផ្ដើមចិញ្ចឹមដែរ ហើយតាំងពីចាប់ផ្ដើមចិញ្ចឹមជាងមួយឆ្នាំកន្លងទៅនេះ គាត់មិនធ្លាប់បរាជ័យម្ដងណាទេ ព្រោះសត្វកណ្ដូបនេះងាយចិញ្ចឹមណាស់ គឺវាស៊ីតែស្មៅដូចសត្វគោដែរ និងបាញ់ទឹកស្រោចលើទ្រុងយូរៗម្ដងនៅពេលក្ដៅខ្លាំង។ កូនៗរបស់គាត់ប៉ុន្មាននាក់ទៀតខ្លះដើររកស្មៅឱ្យសត្វកណ្ដូបស៊ី រីឯកូនខ្លះទៀត មើលថែសត្វកណ្ដូបនៅក្នុងទ្រុង និងស្រោចទឹកលើទ្រុងកណ្ដូបពេលថ្ងៃក្ដៅខ្លាំង។
កញ្ញា រិន ចាន់រ័ត្ន វ័យ១២ឆ្នាំ បានជួយដើរបាញ់ទឹកស្រោចលើទ្រុងកណ្ដូបយ៉ាងជំនាញ ក្រៅពីការរៀនសូត្រ ដោយបាននិយាយថា ពេលទំនេរ ឬក្រោយចេញពីសាលារៀន នាងតែងជួយសម្រាលការងារឪពុកម្ដាយនាង ដូចជាមើលថែសត្វកណ្ដូប ស្រោចទឹកពេលក្ដៅខ្លាំង និងជួយរកស្មៅឱ្យសត្វកណ្ដូបស៊ី។ ការស្រោចទឹកនេះមិនមែនធ្វើជាប់រហូតទេ គឺស្រោចទឹកយូរៗម្ដង ជាពិសេស នៅពេលក្ដៅខ្លាំង ដើម្បីឱ្យទ្រុង និងស្មៅក្នុងទ្រុងមានសំណើម។

អ្នកស្រី យន់ ឡៃហន បានប្រាប់ថា តាមពិតទៅ ការចិញ្ចឹមសត្វកណ្ដូបនេះ ហាក់មិនសូវពិបាកថែទាំដូចចិញ្ចឹមសត្វអ្វីផ្សេងទេ។ សត្វកណ្ដូបស៊ីតែស្មៅ និងស្លឹករុក្ខជាតិផ្សេងៗ រីឯទឹកផឹកយើងបាញ់ស្រោចលើទ្រុង និងស្មៅក្នុងទ្រុងទៅវាអាចផឹកបានហើយ ដោយបានលើកឡើងថា ចិញ្ចឹមរយៈពេលត្រឹម៤៥ថ្ងៃ យើងអាចចាប់លក់បានហើយ។ ស្វាមីរបស់គាត់ជាអ្នកដឹកយកទៅលក់ឱ្យម៉ូយផ្ទាល់។ សព្វថ្ងៃនេះ គាត់ពង្រីកទីតាំងចិញ្ចឹមសត្វកណ្ដូបបានចំនួន២៥ទ្រុង។ ប្រហែលមួយសប្ដាហ៍ ឬលើសតិចតួច គាត់ចាប់លក់ម្ដង តែមិនមែនចាប់លក់ម្ដងទាំង២៥ទ្រុងទេ គឺចាប់ម្ដងពី៥ ទៅ៦ទ្រុង គឺឆ្លាស់ពេលគ្នា។ ទីផ្សារកណ្ដូបល្អ តែតម្លៃឡើងចុះទៅតាមពេលវេលា ឬរដូវកាលសំបូរកណ្ដូប ឬមិនសូវសំបូរ ព្រោះមានគ្រួសារកសិករច្រើនផ្សេងទៀតក៏បានប្រកបរបរនេះដែរ។ នៅរដូវសំបូរសត្វកណ្ដូបស្រែ គឺពេលនោះតម្លៃកណ្ដូបចិញ្ចឹមធ្លាក់ចុះប៉ុន្តែក៏មិនខាតដែរ។ បច្ចុប្បន្ន តម្លៃសត្វកណ្ដូបចិញ្ចឹមអាចលក់បានចន្លោះពី២០,០០០រៀល ដល់២៥,០០០រៀល ក្នុងមួយគីឡូក្រាម តែបើរដូវមិនសូវមានសត្វកណ្ដូបស្រែទេ សត្វកណ្ដូបចិញ្ចឹមអាចលក់បានរហូត៣០,០០០រៀល ឬតម្លៃលើសពីនេះក៏មានដែរ ជាពិសេស ពេលមានពិធីបុណ្យទានម្ដងៗ គឺកណ្ដូបលក់បានថ្លៃណាស់។


ជាមួយទីផ្សារសត្វកណ្ដូបនេះ លោក រិន សារឿន អាយុ៤៤ឆ្នាំ ជាស្វាមីអ្នកស្រី យន់ ឡៃហន និងជាអ្នកដឹកសត្វកណ្ដូបលក់ឱ្យម៉ូយផ្ទាល់ បានបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃសត្វកណ្ដូបហាក់ធ្លាក់ចុះបន្តិច ដោយសារតែសំបូរសត្វកណ្ដូបពេក។ ខាងស្រុកថៃក៏សំបូរ នៅខាងខ្មែរយើងក៏សំបូរ ម្ល៉ោះហើយធ្វើឱ្យតម្លៃកណ្ដូបនៅលើទីផ្សារឡើងចុះមិនទៀងទាត់។ លោកថា ពិតមែនតែទីផ្សារធ្លាក់ចុះបន្តិច តែបើនិយាយពីម៉ូយៗទិញសត្វកណ្ដូបវិញមិនខ្វះទេ៕
ដោយ សុផល





