ខេត្តកំពង់ចាមបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាយុទ្ធនាការកៀរគរថវិការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំ២០២៥
AKP កំពង់ចាម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាមបានបើកកិច្ចប្រជុំគណៈកម្មការ យុទ្ធនាការកៀរគរថវិកា ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំង១០ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក លី សារ៉ារិទ្ធ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការរៀបចំយុទ្ធនាការកៀរគរថវិកាសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំ២០២៥ នៅក្នុងរង្វង់នៃរដ្ឋបាលខេត្តកំពង់ចាម ក្នុងដំណើរការកៀរគរថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី ខ្មែរជួយខ្មែរ និងដើម្បីជួយសង្គ្រោះទារក និងកុមារនៅកម្ពុជាស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។


លោកអភិបាលរងខេត្តបានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាទាំងអស់ សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននានាពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេស បំផុសចលនាកៀរគរថវិការសប្បុរសធម៌ដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ គ្រប់លំដាប់ថ្នាក់ និងបងប្អូនសប្បុរសជននានា ដើម្បីចូលរួមក្នុងការកៀរគរ ថវិកាយកទៅទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការធ្វើសកម្មភាពជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះ ក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្ដីស្រឡាញ់ដល់កុមារកម្ពុជា ដែលមានបញ្ហាសុខភាព និងទទួលបាន ការពិនិត្យព្យាបាលដោយឥតគិតថ្លៃផងដែរ ដែលនាឆ្នាំកន្លងទៅ យុទ្ធនាការនៃការកៀរគរមូលនិធិ ទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាទទួលបានការចូលរួមយ៉ាងច្រើនលើសលប់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ និងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងខេត្តកំពង់ចាម គួរជាទីមោទនៈ៕

ដោយ ឆាយ ម៉ុត





