តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតនៅស្រុកព្រៃនប់នឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅពេលខាងមុខ
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥-- លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុន ហ្គោលដិនផត អេសអ៊ី ហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរស្រុកព្រៃនប់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅថ្ងៃសុក្រទី១៦ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ ត្រូវប្រមូលយកមតិយោបល់ ធាតុចូលដ៏មានសារៈសំខាន់ដែលបានលើកឡើងដោយមន្ទីរ-អង្គភាពជំនាញដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ។ ក្រុមហ៊ុនអភិវឌ្ឍត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចំពោះរាល់កិច្ចការងារការពារបរិស្ថាន ធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរដ្ឋ និងជាពិសេសកិច្ចការដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ រួមទាំងកាយសម្បទារបស់បុគ្គលិក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមហ៊ុនក៏ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ប្រភពស្អាត ពោលគឺថាមពលបៃតង ឬថាមពលដែលអាចកកើតឡើងវិញផងដែរ។


លទ្ធផលកិច្ចប្រជុំបានធ្វើការគាំទ្រចំពោះគម្រោងនេះ ដោយតំណាងមន្ទីរ-អង្គភាព និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួនយ៉ាងផុលផុសដោយធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខមានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនហ្គោលដិនផត អេសអ៊ី ហ្សិត ឌីវេឡុបមិន ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ISI នៅលើផ្ទៃដីសរុបប្រមាណ ២០៦ហិកតា គម្រោងនេះមាន ទុនវិនិយោគសរុបប្រមាណ ៥០.៥០០.០០០ដុល្លារអាមេរិក ដែលត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណដល់ ៧.០០០កន្លែងបន្ថែមទៀត៕
ដោយ ងូ សុមុនី





