ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តកណ្ដាលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុកហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយអំពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១២ អាណិត្តទី៤ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមបានស្នើឱ្យអង្គប្រជុំត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អនទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាតលើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត បានណែនាំឱ្យមន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរនៅតាមមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាពិសេសត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន១២របៀបវារៈសំខាន់ៗ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





