រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំរុញការដាំដុះដំណាំស្អំ ដើម្បីស្ដារជីវភាពពលរដ្ឋភៀសសឹកក្នុងស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦-- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម និងការភៀសសឹក ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យបានដាក់ចេញនូវផែនការសកម្មភាពជាក់ស្ដែង តាមរយៈការជំរុញការបណ្ដុះដំណាំស្អំ ដើម្បីចែកជូនពលរដ្ឋដាំដុះនៅតាមមណ្ឌលភៀសសឹកក្នុងឃុំស្លក្រាមស្រុកស្វាយចេក។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ អភិបាលរងខេត្ត រួមជាមួយ ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និង លោកស្រី អន ស៊ីថា ប្រធានស្ដីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាជីវភាពចំពោះមុខរបស់ពលរដ្ឋ។ ក្នុងកិច្ចប្រជុំនោះ លោក ឃ្លោក នួយ បានសង្កត់ធ្ងន់ថា ការជ្រើសរើសយក «ដំណាំស្អំ» មកធ្វើជាយុទ្ធសាស្ត្រគាំទ្រ គឺដោយសារវាជាដំណាំដែលងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ និងមានទីផ្សារល្អ ដែលអាចជួយឱ្យបងប្អូនពលរដ្ឋភៀសសឹកមានម្ហូបអាហារប្រើប្រាស់ប្រចាំថ្ងៃផង និងអាចបង្កើតចំណូលបន្ថែមបានផងដែរ។

"នេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការធានាថា បងប្អូនពលរដ្ឋភៀសសឹកមិនត្រូវបានបោះបង់ចោលឡើយ ហើយពួកគាត់ត្រូវតែមានលទ្ធភាពបង្កើតមុខរបរខ្នាតតូចនៅកន្លែងស្នាក់នៅថ្មី ដើម្បីលើកកម្ពស់សន្តិសុខស្បៀង"។ នេះជាប្រសាសន៍បន្ថែមរបស់លោក ឃ្លោក នួយ។

ក្រោយបញ្ចប់ការពិភាក្សា ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម ក្រោមការដឹកនាំរបស់លោកស្រី អន ស៊ីថា និងឯកឧត្តម ហ៊ូ ប៊ុនហេង បានចុះផ្ទាល់ដល់ «ចំការដំណាំស្អំ» របស់កសិករគំរូ លោក ស៊ីវ គីមលាន ស្ថិតក្នុងភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី។ ការចុះពិនិត្យនេះមានគោលបំណងសំខាន់ៗនៃការសិក្សាបច្ចេកទេស ស្វែងយល់ពីបទពិសោធន៍ជោគជ័យក្នុងការដាំដុះ និងការថែទាំ ដើម្បីយកទៅបង្រៀនបន្តដល់ពលរដ្ឋភៀសសឹក និងស្វែងរកប្រភពពូជជ្រើសរើសមែកពូជស្អំដែលមានគុណភាពខ្ពស់សម្រាប់យកមកបណ្ដុះ និងផ្សាំបន្ត ដើម្បីចែកជូនពលរដ្ឋឱ្យបានគ្រប់គ្រាន់តាមតម្រូវការ។

សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់នូវពូជដំណាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវ «ក្តីសង្ឃឹម» និង «សញ្ញាណនៃស្ថិរភាព» ដល់គ្រួសារភៀសសឹកនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក។ ការបណ្ដុះដំណាំស្អំនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំមួយក្នុងការជួយឱ្យពួកគាត់អាចសម្របខ្លួនទៅនឹងជីវភាពថ្មីប្រកបដោយភាពម្ចាស់ការលើអាហារូបត្ថម្ភ និងសេដ្ឋកិច្ចគ្រួសារ៕
ដោយ៖ ឈុន សារ៉ាត





