សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ វិស័យដឹកជញ្ជូនផ្នែកភស្តុភាកម្មជាវិស័យស្នូលមួយសម្រាប់បំម្រើឱ្យវិស័យផ្សេងទៀត
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញទិសដៅក្នុងការជំរុញប្រទេសជាតិឱ្យរីកចម្រើនដែលក្នុងនោះវិស័យដឹកជញ្ជូនផ្នែកភស្តុភាកម្មជាស្នូលមួយសម្រាប់បំម្រើឱ្យវិស័យផ្សេងៗទៀត។

ថ្លែងក្នុង"ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ និងខួប អនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែ ស្វយ័តក្រុង ព្រះ សីហនុ (១៩៩៦-២០២៦)"សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូស បញ្ជាក់ថា៖« បើសិនវិស័យដឹកជញ្ជូនមានកម្រិតខ្ពស់ យើងត្រូវចំណាយខ្ពស់ ភាពប្រកួតប្រជែង ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម ក៏ពិបាក ប៉ុន្តែបើយើងធ្វើវិស័យនេះជាប់ហើយដឹកទំនិញ ត្រង់ទៅ ត្រង់មក ពីកម្ពុជាទៅកាន់ពិភពលោកចូលតាមនេះស្រួល បើចូលតាមផ្សេងនឹងចំណាយច្រើន»។

សម្តេចធិបតីបានលើកឡើងថា នៅពេលវិស័យភស្តុភាកម្មមានភាពងាយស្រួលនឹងជួយដល់កម្ពុជាក្នុងវិស័យផ្សេងៗទៀត។ ឆ្លៀងក្នុងឱកាសនោះដែរ សម្តេចធិបតីក៏បានស្នើដល់ជប៉ុនតាមរយៈឯកឧត្តមឯកអគ្គរាជទូត ជប៉ុននៅកម្ពុជាជួយពិនិត្យលិតភាពក្នុងការជួយគាំទ្រ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាថែមទៀត។ ព្រមទាំងជួយសម្របសម្រួលរៀបចំមានការផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍ លើបច្ចេកវិទ្យាលើការអភិវឌ្ឍវិស័យហេដ្ឋ រចនាសម្ព័ន្ធដើម្បីជំរុញឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ ប៊ុនរិទ្ធ





