សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុនជាប្រទេសឈានមុខគេដែលបានចូលរួមអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--ខណៈរដ្ឋាភិបាលជប៉ុន បាននិងកំពុងជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រទេសជប៉ុនគឺជាប្រទេសឈានមុខគេដែលបានចូលរួមអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន ដែលឆ្លើយទៅនឹងកំណើនដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន ដើម្បីការងារសមរម្យ” និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នាព្រឹកថ្ងៃសុក្រនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន តែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើវិស័យជាច្រើន ជាពិសេសបានចូលរួមការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅ និងបានអនុវត្តន៍ជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ហើយបានចាត់ទុកវិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាល និងជំរុញការប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែផ្ទេរទំនិញដ៏ទំនើបក្នុងប្រទេសនិងក្នុងតំបន់។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានណែនាំឱ្យមានការសិក្សាបែងចែកកំពង់ផែស្វយ័តនៅក្រុងព្រះសីហនុទឹកជ្រៅឱ្យបានស្របតាមជំនាញ និងទំនិញនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីជំរុញលំហូរនាំចេញនាំចូល និងតភ្ជាប់ឱ្យមានភាពប្រទាក់ក្រឡាគ្នា រវាងផែទឹកសាបនិងផែទឹកប្រៃ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបជូនថា ដើម្បីរួមចំណែកគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនិងការជួយ ជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ JICA រួមមានដូចជា៖
១.គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និង ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារអាម៉េរិក/TEU។ គិតត្រឹមខែ មេសា ឆ្នាំ២០២៦ គម្រោងទាំងមូលសម្រេចវឌ្ឍនភាពបាន ៦៦,៧% និងគ្រោងបញ្ចប់ការ សាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ។
២.គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាមានផ្លូវរត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកចូលចតបាន។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តការសាងសង់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នេះ និងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៩ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ២ ០២០ ០០០ TEUs/ឆ្នាំ។
៣.គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមក កំពង់ផែ ស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះ បច្ចុប្បន្នកំពុងរៀបចំឯកសារដេញថ្លៃ និងចាប់ផ្តើមអនុវត្តការសាងសង់នៅដើមឆ្នាំ២០២៧ ខាងមុខ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅ ក្នុងឆ្នាំ២០៣០ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ២ ៦៣៧ ០០០ TEUs/ឆ្នាំ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





