រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ ការសិក្សាជំនាញវិជ្ជាជីវៈដូនតាជាការវិនិយោគដ៏ធំលើមោទភាពជាតិ
AKP សៀមរាប ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការសិក្សាលើជំនាញវិជ្ជាជីវៈដូនតា មិនមែនសម្រាប់ដើម្បីមានការងារធ្វើតែមួយមុខទេ ប៉ុន្តែវាជាការវិនិយោគដ៏ធំលើមោទនភាពជាតិទាំងមូល។ លោកជំទាវរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប។

លោកជំទាវលើកឡើកថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានជួយលើកស្ទួយ និងអភិរក្សជំនាញវិជ្ជាជីវៈដូនតា ជាមរតកវប្បធម៌អរូបី ដែលកំពុងបានផ្ទេរពីមនុស្សមួយជំនាន់ទៅមួយជំនាន់អស់រយៈកាលយូរឆ្នាំមកហើយ។ កម្មវិធីបណ្តុះបណ្តាលជំនាញដូនតា គឺជាការធ្វើឱ្យរស់រវើកឡើងវិញនៃព្រលឹងជាតិដែលជាមរតកនៃបុព្វបុរសខ្មែរ បំផុសនូវអត្តសញ្ញាណជាតិ ហើយបង្ហាញផ្លូវទៅមុខសម្រាប់យុវជនជំនាន់ក្រោយ។

លោកជំទាវរដ្ឋមន្ត្រីបន្តថា ការពិតសម្បតិ្តវប្បធម៌របស់ប្រជាជាតិណាក៏ដោយបើទោះជាសម្បូណ៌បែបណាក្តី ក៏មិនអាចបន្តរីកលូតលាស់បានដោយពុំមានធនធានមនុស្សដែលមានសមត្ថភាព មនុស្សដែលសិក្សា ថែរក្សា ការពារ និងបន្តវេននោះឡើយ។ ដូច្នេះហើយ ការបណ្តុះបណ្តាលជំនាញដូនតាមិនមែនជារឿងដែលធ្វើដើម្បីលម្អ ឬគ្រាន់តែបង្ហាញប៉ុណ្ណោះទេ តែគឺជា យុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់រាជរដ្ឋាភិបាលដែលធានាការពារផងនូវចំណេះដឹងជាអមតៈរបស់ដូនតា និងជាការបើកផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់យុវវ័យក្មេងៗរបស់យើងឱ្យមានឱកាស និងមោទនភាពក្នុងវិស័យវប្បធម៌ ទេសចរណ៍ ច្នៃប្រឌិត និងការសិក្សាស្រាវជ្រាវ។

សូមជម្រាបថា យោងទៅលើអាទិភាព និងភាពចាំបាច់នៃកិច្ចការអភិរក្សជំនាញគ្រប់ប្រភេទ បន្សល់ទុកដោយដូនតាយើង និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីជាតិជំនួយផ្នែកសង្គម» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាណត្តិទី៦ នៃរដ្ឋសភា បានម្រេចអនុញ្ញាតឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំវគ្គបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួនចន្លោះពី៣ទៅ៦ម៉ឺននាក់ សម្រាប់រយៈពេល៤ឆ្នាំ។ ហើយនៅនីតិកាលទី៧ នៃររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី បានបន្តអនុវត្តគោលនយោបាយនេះ ដោយបានដាក់ចេញនូវផែនការសកម្មភាពអាទិភាពទាំង៦ ដែលក្នុងនោះ ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក៏ត្រូវបានផ្តល់អាទិភាព រីឯគ្រប់សិក្ខាកាមទាំងអស់ ក៏ត្រូវបានផ្តល់នូវប្រាក់ឧបត្ថម្ភជារៀងរាល់ខែ សម្រាប់រយៈពេលបណ្តុះបណ្តាលទាំងមូល។
យោងតាមរបាយការណ៍របស់ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេសទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានបើកដំណើរការនៅតាមខេត្តចំនួន៦ រួមមានខេត្តកណ្តាល សៀមរាប តាកែវ កំពង់ចាម កំពង់ឆ្នាំង និងរតនគិរី និងមាន៨មុខជំនាញ ដូចជាខ្មុកស្មាច់ ស្នូនឆ្នាំង ចម្លាក់ថ្ម និងចម្លាក់ស្បែក ចម្លាក់ប្រាក់/ស្ពាន់ តម្បាញសូត្រ តម្បាញក្រមាត្រុំ និងចម្លាក់ស្មិត៕
ដោយ ឃុត សៅ





