ឯកឧត្តម អៀង មូលី៖ ជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាដោយសារការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា ជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាមិនអាចទទួលបាននោះទេ ប្រសិនបើគ្មានការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់របស់មន្ត្រីសុខាភិបាល សង្គមស៊ីវិល និងជាពិសេសបើគ្មានការគាំទ្រដ៏ថ្លៃថ្លារបស់ដៃគូអភិវឌ្ឍនានា ដូចជាអង្គការយូអិនអេដស៍ជាដើម។ ការបញ្ជាក់របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដូចនេះធ្វើឡើងក្នុងពិធីបដិសណ្ឋារកិច្ចទស្សនកិច្ចផ្លូវការរបស់លោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការយូអិនអេដស៍នៅកម្ពុជា នាសណ្ឋាគារ Raffles Le Royal កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា ចំពោះទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima នៅកម្ពុជានាពេលនេះ បានបញ្ជាក់សារជាថ្មីនូវចំណងកិច្ចសហការដ៏ជិតស្និទ្ធរវាងកម្ពុជា និងអង្គការយូអិនអេដស៍ ជាចំណងដែលកើតចេញពីទំនុកចិត្តទៅវិញទៅមករវាងគ្នានឹងគ្នា គុណតម្លៃដូចគ្នា និងចក្ខុវិស័យមួយដែលមិនទុកនរណាម្នាក់ចោលនោះឡើយ។ ឯកឧត្តមថា ការិយាល័យយូអិនអេដស៍ប្រចាំកម្ពុជាបានផ្ដល់នូវជំនាញផ្នែកទិន្នន័យ គោលនយោបាយ ការស្វែងរកការគាំទ្រសាធារណៈ និងភាពជាដៃគូ ដែលបានជួយជំរុញឱ្យកម្មវិធីអេដស៍នៅកម្ពុជាបានទទួលលទ្ធផលដ៏ត្រចះត្រចង់ តែថាទោះជាមានវឌ្ឍនភាពដូចខាងលើក៏ដោយ ក៏ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍នៅកម្ពុជានៅមិនទាន់ឈានជើងដល់ទីបញ្ចប់នៅឡើយនោះទេ ពីព្រោះក្រុមយុវវ័យមួយចំនួនអាយុពី១៥ទៅ២៤ឆ្នាំ ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស នៅមិនទាន់បានទទួលការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍។ ដូច្នេះពួកគេមិនធ្លាប់បានទទួលសេវាបង្ការការពារ រួមទាំងការធ្វើតេស្តរកមេរោគអេដស៍នៅឡើយ។

ក្នុងឱកាសនេះ លោកជំទាវ Winnie Byanyima បានថ្លែងការកោតសរសើរ និងអបអរសាទរចំពោះជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាបាននាំយកនូវទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ហើយពិភពលោកបានចាត់ទុកកម្មវិធីអេដស៍នៅកម្ពុជាថាជាកម្មវិធីដែលជោគជ័យមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក ជាពិសេសយន្តការក្នុងការឆ្លើយតបជាពហុវិស័យ។ លោកជំទាវថា កម្ពុជាបានបើកចំហចំពោះគំនិតច្នៃប្រឌិតថ្មី ព្រមទាំងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាព។ បន្ថែមលើនេះ កម្ពុជាជាប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍)





