ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥-- លោកស្រី លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក ស៊ាន់ សុភាព លោក ដួង ច័ន្ទដារ៉ា ជាអភិបាលរងស្រុក និងលោក ជា ជួប ជានាយករដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅអគាររដ្ឋបាលស្រុកកំពង់ស្វាយ។

លោកស្រី លំ គន្ធារី បានលើកឡើងថា ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង និងនាយករដ្ឋបាលនៃរដ្ឋបាលស្រុកកំពង់ស្វាយ គឺរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងដែលជួយឱ្យមន្ត្រីរាជការ និងស្ថាប័នអង្គភាពនានាជាពិសេសរដ្ឋបាលស្រុកកំពង់ស្វាយ រួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតួនាទីភារកិច្ចជាមន្ត្រីរាជការប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់នៅចំពោះមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧។ ត្រូវមានភាពស្មោះត្រង់ ម្ចាស់ការគោរពច្បាប់និ ងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងអនុវត្តប្រកបដោយតម្លាភាពហើយប្រាសចាកចៀសឱ្យផុតពីការកេងប្រវ័ញ្ចអំពើពុករលួយដែលនាំឱ្យអាប់ឱនដល់បុគ្គលខ្លួនឯង អង្គភាពស្ថាប័ននិងរាជរដ្ឋាភិបាលនាំឱ្យប្រឈមនឹងទោសទណ្ឌច្បាប់ប្រឆាំងអំពើពុករលួយជាធរមាន។

លោក ស៊ាន់ សុភាព បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ចនៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរាជរដ្ឋាភិបាលទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុងជួយឱ្យអង្គភាពមានការរីកចម្រើនជាលំដាប់គឺ៖ ១. ប្តេជ្ញាគោរពនិងប្រតិបត្តិដោយភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ចូលរួមការពាររាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្ត។ ២. ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ ៣. ចូលរួមពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់ក្រុមជនទំនើង និង យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ ៤. ចូលរួមពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលស្រុកកំពង់ស្វាយនិងមន្ត្រីបុគ្គលិក ក្រោមឱវាទរដ្ឋបាលស្រុក ក្រោមការដឹកនាំរបស់លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ និងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្តាក្រសួងស្ថាប័នអង្គភាពរដ្ឋ អង្គការសង្គមស៊ីវិលក៏ដូចជាវិស័យឯកជនដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋាន ស្រុកកំពង់ស្វាយឱ្យកាន់តែរីកចម្រើនថែមទៀត។ ៥. គោរព និងប្រតិបត្តិតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល នៃ គណៈអភិបាល ខេត្តកំពង់ធំ លោកអភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការចូលរួមចំណែកអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ធានានូវសុខដុមនីយកម្ម និងការពង្រឹង ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕



ដោយ ស៊ុម វណ្ណា





