រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុកកម្មករ កម្មការនី នៅរោងចក្រកាត់ដេរ ស្រុកកំពង់ត្រឡាច ខេត្តកំពអ់ឆ្នាំង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភា ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោក ស៊ឺម សុវឌ្ឍន: ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងតំណាងកម្មករនិយោជិតជាង៥០០នាក់។

ក្នុងឱកាសនោះ លោក ឈិន សេងងួន បានមានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃ រំដោះពីរបបប្រល័យពូជសាសន៍ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមទាំងគោលនយោបាយ អាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿន ការអភិវឌ្ឍ និងបង្កើតការងារសមរម្យ ជូនប្រជាពលរដ្ឋ រួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា គោលនយោបាយជាតិស្ដីពីមុខរបរការងារ ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ អនុវត្តនូវការកែទម្រង់ មុតស្រួច បាវចនា កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្ត ខាងក្រៅ ក្នុងស្មារតីឯករាជ្យ។

ទន្ទឹមនឹងនេះ លោកបានបន្តថា នេះជាសក្ខីភាពមួយដែលកម្មករទទួលបានប្រាក់ចំណូលជាមធ្យមពី២៥០ ទៅ៣៥០ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិត ជាមធ្យមក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗជាច្រើនទៀត ការរីកលូតលាស់ នៃវិស័យឧស្សាហកម្មរបស់កម្ពុជា បានធ្វើឱ្យចំនួន រោងចក្រ និង កម្មករនយោជិត ក៏មានការកើនឡើងផងដែរ ដែលកត្តាទាំងនេះបានរួមចំណែកបង្កើនចំណូលរបស់ប្រពលរដ្ឋខេត្តកំពង់ឆ្នាំង កាត់បន្ថយភាពក្រីក្រ ចៀសផុតការធ្វើចំណាកស្រុក និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ថ្លែងក្នុងបរិបទនេះ លោកអភិបាលរងបានអំពាវនាវដល់អគ្គនាយក នាយក ឬម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិតបដាពាក្យស្លោក តាមខ្លឹមសារ សារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចងក្រងឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមផ្សព្វផ្សាយសាលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» រួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត៕

ដោយ បៃ ស៊ីថុន





