កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ញើញជាអធិបតីនៅក្នុងកម្មវិធីបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោក អម សុភា អភិបាលរងខេត្ត នាយកឋរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

ថ្លែងក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្ត បានគូសបញ្ជាក់ពីខ្លឹមសាររបៀបវីរៈរួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ:កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តសម្រាប់ខែមេសា ឆ្នាំ២០២៦។ ៣.ពិនិត្យ សេចក្ដីព្រាងលើបញ្ជីគម្រោងវិនិយោគជាអាទិភាព ដែលប្រើប្រាស់ថវិការយៈពេលបីឆ្នាំ (២០២៧-២០២៩)។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែមីនា ឆ្នាំ២០២៦។ ៥.ផែនការសកម្មភាពបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ៦.បញ្ហាផ្សេងៗ ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាបានឱ្យដឹងថា ទិសដៅការងារសំខាន់ៗដើម្បីជំរុញដល់ការអភិវឌ្ឍន៍ និងការរក្សាសណ្តាប់ធ្នាប់សន្តិសុខក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ក៏សំដៅធានាសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តជាតិដែលមកសម្រាកកំសាន្តក្នុងខេត្ត ប្រកបដោយសុខសុវត្ថិភាពផងដែរ ដោយបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានបន្ថែមទៀតថា នៅចំពោះមុខ យើងត្រូវតែពង្រឹងទប់ស្កាត់ឱ្យបានក្នុងករណីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ រួមទាំងការបោកប្រាស់តាមបច្ចេកវិទ្យា ដែលវាជាផ្នែកសំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសាធារណៈ និងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម និងជាផ្នែកមួយនៃសកម្មភាពអនុវត្តច្បាប់យ៉ាងទូលំទូលាយ ដើម្បីបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធិភាព។ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវប្រាកដឱ្យឃើញថា ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់គំរូ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

ដោយ៖ បៃ ស៊ីថុន





