ពិធីប្រកាសចូលកាន់មុខតំណែង លោក សាយ វណ្ណ: ជាអភិបាលនៃគណៈអភិបាលស្រុកបាទីខេត្តតាកែវ
AKP តាកែវ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកបាទីថ្មី ដោយរាជរដ្ឋាភិបាលបានផ្ដល់ទំនុកចិត្ត ប្រកាសតែងតាំងលោក សាយ វណ្ណៈ ជាអភិបាលនៃគណៈអភិបាលស្រុកបាទី ជំនួសលោក ភួន ឈីម ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកបាទីខេត្តតាកែវ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកបាទី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបាទី ដែលកន្លងមកបានរួមសាមគ្គីគ្នាក្នុងការកសាងអភិវឌ្ឍន៍មូលដ្ឋានភូមិ-ឃុំ-ស្រុក ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា សមិទ្ធផលជាច្រើនដែលកើតឡើងទាំងនេះ គឺមិនអាចសម្រេចបាននោះទេ បើគ្មានការចូលរួមសហការគ្នាពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានធ្វើការផ្តាំផ្ញើដល់លោកអភិបាលនៃគណៈអភិបាលស្រុកបាទីថ្មី ដែលទើបតែងតាំងនេះ ត្រូវតែខិតខំបំពេញការងារទ្វេដង ដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងខិតខំប្រឹងប្រែងបម្រើការងារឱ្យអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួនឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី ដែលទើបតែងតាំងថ្មី បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋក្នុងស្រុកបាទីឱ្យស្រមតាមការទុកចិត្តរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា លោក សាយ វណ្ណ: ធ្លាប់បម្រើការងារជាអភិបាលរងស្រុកត្រាំកក់អស់រយ:ពេល ៨ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ លោកសកម្មនឹងការងារ ដឹកនាំយុវជនចុះធ្វើកិច្ចការងារសង្គមនិងការងារមនុស្សធម៌ ហើយចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ អ៊ុច សៀង





