ខេត្តព្រះសីហនុទទួលបានថវិកាចំនួន ២៨៥ ៧០០ដុល្លាសហរដ្ឋអាមេរិកពីសប្បុរសជនក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា
AKP ព្រះសីហនុ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទទី១២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជននៅទីស្នាក់ការសាខាកាកបាទក្រហមខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។”
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានថ្លែងអំណរគុណចំពោះបងប្អូនសប្បុរសជនដែលបាននាំ យកអំណោយជាថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីរួមចំណែកជួយដល់ជនរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនឹងយកអំណោយទាំងអស់នេះយកទៅធ្វើការចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវការជំនួយចាំបាច់។


ឯកឧត្តម ម៉ាង ស៊ីណេត បានបន្តថា ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជនរួមជាតិ អាជីវករ ពាណិជ្ជករអញ្ជើញចូលរួមបរិច្ចាគថវិកា និងសម្ភារតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា។ល។ ទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយមិនមានប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយ។


ជាមួយគ្នានេះដែរ ឯកឧត្តមសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានរបស់ខ្លួនជាថវិកា ក៏ដូចជាសម្ភារក្តីដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនៅរង់ចាំទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជនពីគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុគ្រប់ពេលវេលា ព្រមទាំងជូនពរឱ្យឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋានមានសុខ ភាពល្អ ប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួនរកស៊ីទទួលទានមានបានកាន់តែល្អបន្ថែមទៀត។
សូមរម្លឹកថា នេះជាការទទួលថវិកាពីបងប្អូនសប្បុរសជនលើកទីមួយ ក្នុងឱកាសទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ហើយសាខានឹងបន្តទទួលថវិកាជាបន្តបន្ទាប់បន្ថែមទៀត៕
ដោយ ងូ សុមុនី





