សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយផ្ការីករបស់រដ្ឋាភិបាលគឺធ្វើការអភិវឌ្ឍប្រទេសដើម្បីប្រជាពលរដ្ឋ
AKP កណ្ដាល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥--ថ្លែងបែបចំអកទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថានយោបាយផ្ការីករបស់រាជរដ្ឋាភិបាលគឺធ្វើការអភិវឌ្ឍប្រទេសដើម្បីប្រជាពលរដ្ឋ ដែលខុសពីនយោបាយផ្ការីករបស់ក្រុមប្រឆាំងនាំតែប្រជាពលរដ្ឋខុសច្បាប់។

ការលើកឡើងរបស់សម្តេចបវរធិបតីបន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបានប្រើនយោបាយផ្ការីកដោយញុះញង់ប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាលតាមរយៈសកម្មភាពខុសច្បាប់។
ក្នុងពិធីបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” ខេត្តកណ្តាល ព្រឹកថ្ងៃអង្គារ ទី៦ ឧសភា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "គេប្រើនយោបាយផ្ការីកអ្វីធ្វើទៅ ខ្ញុំមិនខ្វល់ទេ ខ្ញុំដឹងតែធ្វើការអភិវឌ្ឍប្រទេសដើម្បីប្រជាជន។ ខ្ញុំនឹងចូលរួមសម្ពោធសមិទ្ធផលនានាដែលសម្រេចបានជាមួយប្រជាពលរដ្ឋ។ សមិទ្ធផលជាតិជាច្រើនហើយ ខ្ញុំបានសម្ពោធជាបន្តបន្ទាប់ និងចុងឆ្នាំនេះក៏នឹងមានសមិទ្ធផលមួយចំនួនទៀតនឹងត្រូវសម្ពោធ"។
សម្តេចបវរធិបតិក៏បានស្នើដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស ហើយធ្វើការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់ទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ដូចជា ផ្លូវ ស្ពាន ...។
សម្តេចបវរធិបតីបាន លើកឡើងទៀតថា ទោះបីជាកម្ពុជាមិនមានការអភិវឌ្ឍដូចបណ្តាប្រទេសនានាក្តីតែកម្ពុជាបានអភិវឌ្ឍបន្តិចម្តងៗជាប់ជាប្រចាំ៕
ដោយ៖ ប៊ុនរិទ្ធ





