សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
AKP កណ្ដាល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង០៦ សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។

ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលត្រូវបាន កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានសម្រេចផងដែរនូវសមិទ្ធផលច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី




