លោកជំទាវ ញ៉ែម មរកត អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជនមានពិការភាពភ្នែកប្រកបមុខរបរម៉ាស្សា នៅខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥-- លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការក្រសួងកិច្ចការនារី បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅតាមបណ្ដាហាងម៉ាស្សានានានៅក្នុងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា (ស.អ.យ) លោក ភួង សិទ្ធិ ប្រធានមន្ទីរ ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរស.អ.យ តំណាងមន្ទីរកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារសមាគមតន្ត្រីសំនៀងជនពិការ សិល្បករ សិល្បការិនី ដោយរៀបចំឡើងដោយសមាគមតន្រ្តីសំនៀងជនពិការ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងកិច្ចការនារី និងសប្បុរសជន។

ការសាកសួរសុខទុក្ខត្រូវបានធ្វើឡើងដើម្បីស្ដាប់ពីបញ្ហាប្រឈម តម្រូវការ សំណូមពរ ផ្ដល់គ្រឿងឧបភោគបរិភោគ និងជួយសម្របសម្រួលទៅឃុំសង្កាត់ដើម្បីធ្វើអត្តសញ្ញាណកម្មជនពិការ បណ្ណក្រីក្រ បណ្ណមូលនិធិសមធម៌សុខាភិបាលបេឡាជាតិរបបសន្តិសុខសង្គល (ប.ស.ស) ធ្វើកាតបញ្ចូលជនមានពិការភាពជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា សម្របសម្រួលជនមានពិការភាពសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ផ្ដល់រទេះរុញដល់ជនមានពិការភាពកាយសម្បទា និងផ្ដល់កញ្ចប់ឃីតដល់ស្រ្តីមានពិការភាពភ្នែកពេលសម្រាលកូន។

ក្នុងជំនួបនោះ លោកជំទាវ ញ៉ែម មរកត បានស្នើឱ្យបងប្អូនមានពិការភាពភ្នែក ទាំងអស់ខិតខំរៀនជំនាញបន្ថែមទៀតឱ្យលើសពី១ជំនាញ។ ទន្ទឹមនឹងនោះ ឯកឧត្តម ចាប តូ បានលើកឡើងថា ក្រសួងស.អ.យ. សហការជាមួយក្រសួងទេសចរណ៍ គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលវិក្រឹតការដល់ជនមានពិការភាពភ្នែកលើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដើម្បីបំប៉នសមត្ថភាពបន្ថែមដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សា នៅសមាគមតន្ត្រីសំនៀងជនពិការឱ្យពួកគាត់មានជំនាញច្បាស់លាស់ស្របតាមស្តង់ដា និងមានឱកាសទទួលបានការងារនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





