វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំវគ្គសិក្សានៅលើថ្នាលអភិវឌ្ឍន៍សមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំវគ្គសិក្សានៅលើថ្នាលអភិវឌ្ឍន៍សមត្ថភាព (CDP) ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអប់រំពិភពលោក (World Education) ក្រោមជំនួយថវិកាពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំជូនដល់បុគ្គលិកអប់រំក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា សរុប ៤៨រូប (ស្រី ៤រូប) មកពីនាយកដ្ឋានចំនួន១៥ និងគ្រឹះស្ថានបណ្ដុះបណ្តាលគ្រូចំនួន៤។

បើតាមក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការបណ្ដុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃការប្រើប្រាស់ថ្នាលអភិវឌ្ឍន៍សមត្ថភាព (CDP) ឱ្យបានជាឧត្ដមប្រយោជន៍ដល់គ្រូបង្រៀន និងបុគ្គលិកអប់រំនៅទូទាំងប្រទេស រួមទាំងចូលរួមអនុវត្តក្របខណ្ឌ និងផែនការសកម្មភាពស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។

ការបណ្តុះបណ្តាលនេះត្រូវរៀបចំតាមបែបចម្រុះ ដែលបញ្ចូលការបណ្តុះបណ្តាលជួបមុខផ្ទាល់ជាមួយនឹងការរៀនតាមប្រព័ន្ធអនឡាញ ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលបំណិនបច្ចេកវិទ្យាសារព័ត៌មាន និងទូរគមនាគមន៍ដល់បុគ្គលិកអប់រំ ជំរុញបរិវត្តកម្មឌីជីថល និងនវានុវត្តន៍នៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





