សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តួនាទីអ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ក្នុងចូលរួមលុបបំបាត់ AI ដែលផ្សាយព័ត៌មានមិនពិតប៉ះពាល់ដល់សង្គមជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥–សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថាតួនាទី អ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការចូលរួមលុបបំបាត់AIដែលផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់សង្គមជាតិ។

ក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នាយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា៖« ខ្ញុំសូមអរគុណណាស់សម្រាប់បងប្អូនអ្នកសារព័ត៌មាន ដែលដើរតួនាទី ដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការជួយរកដំណោះស្រាយបញ្ហា និងក្តាប់ជាប់នូវបញ្ហា ដើម្បីជួយប្រជាជននិងប្រទេសជាតិ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើចំពោះក្រសួងព័ត៌មានដែលបានសម្របសម្រួលរៀបចំជួបជុំអ្នកសារព័ត៌មានជាមួយរាជរដ្ឋាភិបាល។ ជាមួយគ្នានោះដែរក៏បានអរគុណ ដល់អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ដែលបានចូលរួមផ្សព្វផ្សាយគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋឱ្យទទួលព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ហើយនាំយកនូវសំណូមពរ និងក្តីកង្វល់នានា ក៏ដូចជាទស្សនៈ នានា របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«នៅក្នុងសង្គមប្រជាធិបតេយ្យសារព័ត៌មានគឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិបញ្ញាត្តិ អំណាចតុលាការ និងអំណាចនីតិប្រតិបត្តិ ហើយសារព័ត៌មាន មានឥទ្ធិពលផ្នែកនយោបាយ និងវេទិកានានា»។សម្តេចបវរធិតីបានសង្កត់ធ្ងន់ថា៖«បច្ចេកវិទ្យាព័ត៌មានសិប្បនិមិត្ត(AI) បច្ចេកទេសផ្សេងៗគឺជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់នោះទេ គឺវាអាស្រ័យលើមនុស្សសជាអ្នកធ្វើវា។អ៊ីចឹងចាំបាច់វានៅតែកត្តាមនុស្សចាំបាច់ក្នុងការពង្រឹងអភិក្រម ក្រមសីលធម៌និងការទទួលខុសត្រូវរបស់ អ្នកចែកចាយនៅជាគន្លឹះ តាមក្រមវិជ្ជាជីវៈ»។ក្នុងឱកាសនោះដែរសម្តេចបវរធិបតី ក៏បានលើកឡើងថាអាវុធទំនើបយ៉ាងណាក្តីក៏មិនអាចសម្លាប់មនុស្សបានដោយខ្លួនឯងបានដែរ មានតែមនុស្សទេ ដែលសម្រេចបាញ់គ្នា ឬ បង្កើតសង្គ្រាម ។ អ៊ីចឹងប្រព័ន្ធAI ក្តីបច្ចេកវិទ្យាឌីជីថលក្តី តាមទូរស័ព្ទដៃក្តី វាពុល ឬមិនពុល វាគ្រោះថ្នាក់ឬមិនគ្រោះថ្នាក់គឺអាស្រ័យលើមនុស្សជាអ្នកប្រើ។
នៅចំពោមុខអ្នកសារព័ត៌មានសម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា៖« អ្នកសារព័ត៌មានគឺជាតួ អង្គសំខាន់ណាស់ក្នុងការទប់ក្នុងការធានា និងការជួយទប់ ធ្វើយ៉ាងម៉េចកុំឱ្យAI ឬបចេ្ចកវិទ្យា ក្លាយជាគ្រោះថ្នាក់សង្គមជាតិ» ៕
ដោយ៖ ប៊ុនរិទ្ធ




