អភិបាលខេត្តកំពង់ធំក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ចនិងមន្ត្រីជំនាញទាំងអស់ខិតខំបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាតនូវបទល្មើសធនធានធម្មជាតិ
AKP កំពង់ធំ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ខិតខំបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាតនូវបទល្មើសធនធានធម្មជាតិមិនឱ្យកើតឡើងបន្តទៀតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍លើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំដោយបានជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធសូមយកចិត្តទុកដាក់ក្នុងចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលនៅតាមគោលដៅនីមួយៗដែលបានកំពុងបន្តធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ការលួចកាប់ទន្ទ្រានដីព្រៃ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់មិនឱ្យកើតឡើងជាថ្មីបន្តទៀតនោះទេជាពិសេសត្រូវការពារឱ្យបានដាច់ខាតផ្ទៃដីដែលបានរកឃើញនិងដកហូតបានពីក្រុមជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅដើម្បីត្រៀមរៀបចំដាំស្តារព្រៃឈើឡើងវិញនៅរដូវវស្សាខាងមុខនេះព្រមទាំងស្រាវជ្រាវរកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកដែលបានខិតខំថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរក្នុងមូលដ្ឋាន និងសូមបន្តយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការងារនេះជាពិសេសការអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព។ បង្ក្រាបឱ្យបានបញ្ហាក្មេងទំនើងបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា នៅដើមរដូវវស្សានេះ អាជ្ញាធរខេត្តកំពង់ធំសហការជាមួយភាគីពាក់ព័ន្ធនឹងរៀបចំយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវជាតិលេខ៦ ពីព្រំប្រទល់កំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប និងតាមបណ្តាស្រុកផ្សេងទៀតដើម្បីជាម្លប់សម្រាប់អ្នកធ្វើដំណើរ លើកកម្ពស់សោភ័ណភាពផ្លូវ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះជាដើមនិងបានជំរុញដល់រដ្ឋបាលក្រុងស្រុក ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្សនិងកងកំលាំងប្រដាប់អាវុធយើងឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅបង្កបង្កើនផលកសិកម្មនិងបង្កើនសុខមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ៕
ដោយ ស៊ុម វណ្ណា




