គម្រោងមូលនិធិផ្លូវបេតុងក្នុងឃុំចំនួន៤ក្នុងស្រុកកំពង់សិលាត្រូវបានដាក់ដេញថ្លៃសាងសង់
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ -- លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ និងលោក កែប សុខ ខេន អភិបាលរងស្រុកកំពង់សោលា បានដឹកនាំដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ចំនួន៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសគាំទ្រឃុំ សង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៤ និងក្រុមហ៊ុនទទួលការសាងសង់ នៅសាលាស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំបើកសំណើដេញថ្លៃនេះបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចជាទី១៖ ឃុំអូរបាក់រទេះ គម្រោងសាងសង់ផ្លូវមួយខ្សែបេតុងប្រវែង ៣៥០ម៉ែត្រ ទទឹង៧ម៉ែត្រ។ ទី២៖ ឃុំស្ទឹងឆាយ គម្រោងសាងសង់ផ្លូវពីរខ្សែបេតុងប្រវែង៤០០ម៉ែត្រ ទទឹង៦ម៉ែត្រ។ ទី៣៖ ឃុំចំការហ្លួង គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៣៧៥ម៉ែត្រ ទទឹង៦ម៉ែត្រ។ ទី៤៖ ឃុំកំពង់សិលា គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ។

ក្នុងឱកាសនោះ លោក អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើរការទាំងអស់នៃកម្មពិធីគឺស្របទៅតាមនីតិវិធី ក្នុងនោះក្រុមហ៊ុនដែលទទួលបានគម្រោងត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាថា សមិទ្ធផលដែលសម្រេចបានមានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។

ទន្ទឹមនឹងនោះ លោកនាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោងដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានយូរ អង្វែង និងសូមឱ្យគណៈកម្មការក៏ដូចជាក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋាន ការអនុវត្តគម្រោងហូតដល់បញ្ចប់ការអនុវត្តគម្រោង។
លោកក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំទាំង៤ ធ្វើការបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមការដាំសហការក្នុងការសាងសង់បានលឿនឆាប់ និងចូលរួមដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព បរិស្ថានបៃតងនៅ ក្នុងមូលដ្ឋាន ជាពិសេសចូលរួមថែរក្សាថែទាំសមិទ្ធផលផ្លូវបេតុង ក៏ដូចជាប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែងផងដែរ៕
ដោយ ងូ សុមុនី




