សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបើកកិច្ចប្រជុំវិសាមញ្ញលើកទី២
AKP កណ្ដាល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំវិសាមញ្ញលើកទី២របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានពិភាក្សាទៅលើការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ និងបានជំរុញដល់គណៈកម្មាធិការសាខា ត្រូវខិតខំគៀងគរសប្បុរសជននានាដើម្បីចូលរួមជាថវិកាជួយទ្រទ្រុងដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ឱ្យបានផុលផុស ត្រូវធ្វើការផ្សព្វផ្សាយអំពីសកម្មភាពសប្បុរសជនដែលចូលថវិកាឱ្យបានគ្រប់ៗគ្នា តាមបណ្តាញ់សង្គម និងទូរទស្សន៍នានា ជាពិសេសត្រូវរៀបចំធ្វើបដិសណ្ឋារកិច្ចចំពោះសប្បុរសជនដែលបានមកចូលរួមឱ្យបានល្អប្រសើរ ត្រូវត្រៀមរៀបធ្វើលិខិតថ្លែងអំណរគុណឱ្យបានទាន់ពេលវេលាសម្រាប់ជូនដល់សប្បុរសជន ជាពិសេសត្រូវគិតគូរទុកដាក់ថវិការបស់សប្បុរសជន ឲ្យសុវត្ថិភាពក្នុងប្រព័ន្ធធនាគារ ។

កិច្ចប្រជុំវិសាមញ្ញលើកទី២នេះបានរៀបចំនៅសាលប្រជុំរបស់សាខាកាកកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីពាក់ព័ន្ធផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




