រសៀលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីជួបជុំ ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី ៧ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជារស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពីបិតាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនោះវិស័យសារព័ត៌មាននៅកម្ពុជាក៏មានការរីកចម្រើន មានសណ្តាប់ធ្នាប់ និងលំហនៃសេរីភាព សារព័ត៌មានកាន់តែរីកធំប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ សេរីភាពសារព័ត៌មានកាន់តែមានភាពប្រសើរឡើង។
ពិធីជួបជុំប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មាននៅកម្ពុជាលើកទី៧ សម្រាប់ឆ្នាំ២០២៥ មានអ្នកចូលរួមសរុបចំនួន ៥ ០០០នាក់ រួមមានសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងក្រុមការងារព័ត៌មាននិងសាធារណមតិ អ្នកសារព័ត៌មាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ក៏ដូចជាអ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។
ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីពនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ទាំងអស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះក៏ជាការបន្តថែរក្សាបាននូវកេរតំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕
ដោយ៖គង់ សិរីរ័ត្ន




